បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស៊ី ស៊ូណាក់ បានចុះហត្ថលេខាលើ «កិច្ចព្រមព្រៀង Downing Street» កាលពីថ្ងៃពុធ ដើម្បីបង្កើនការទំនាក់ទំនងសន្តិសុខ និងសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរឱ្យដល់កម្រិតខ្ពស់បំផុត ខណៈដែលពួកគេបានប្តេជ្ញារួមគ្នាប្រឈមមុខនឹងការគំរាមកំហែងនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង ពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ និងធានាអនាគតប្រកបដោយនិរន្តរភាព។
កិច្ចព្រមព្រៀងនោះបានអំពាវនាវឱ្យមានការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រជាសកល» ពី «ភាពជាដៃគូគ្រប់ជ្រុងជ្រោយ និងប្រកបដោយការច្នៃប្រឌិត» នាពេលបច្ចុប្បន្ន ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ ខណៈដែលប្រទេសទាំងពីរបានប្រារព្ធខួបលើកទី១៤០ នៃទំនាក់ទំនងការទូតជាមួយនឹងដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៤ថ្ងៃរបស់ លោក យូន ទៅកាន់ទីក្រុងឡុងដ៍។
ក្នុងវិស័យសន្តិសុខ និងការពារជាតិ ប្រទេសទាំងពីរបានព្រមព្រៀងគ្នាបង្កើតកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងការពារជាតិ «ពីរបូកពីរ» ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោកឱ្យកាន់តែប្រសើរឡើង ធ្វើការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ស្តីពីការបង្កើតក្របខ័ណ្ឌស្ថាប័នទូលំទូលាយសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិឱ្យកាន់តែស៊ីជម្រៅ និងបង្កើនអន្តរប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធរបស់ពួកគេ តាមរយៈសមយុទ្ធទ្វេភាគីបន្ថែមទៀត។
ផ្នែកចុងក្រោយនៃកិច្ចព្រមព្រៀងនោះផ្តោតសំខាន់ទៅលើវិធីដែលប្រទេសទាំងពីរនឹងអនុវត្តការងារជាមួយគ្នា ដើម្បីធានាអនាគតប្រកបដោយនិរន្តរភាពជាមួយនឹងវិធានការសំខាន់ៗ រួមទាំងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងកូរ៉េខាងត្បូង-ចក្រភពអង់គ្លេស ដើម្បីចែករំលែកជំនាញ និងសហការលើការដាក់ពង្រាយថាមពលស្អាត ដូចជាខ្យល់នៅតាមឆ្នេរសមុទ្រ និងនុយក្លេអ៊ែរស៊ីវិល នៅក្នុងប្រទេសទាំងពីរ និងក្នុងប្រទេសទីបីផងដែរ។
ប្រទេសទាំងពីរក៏បានឯកភាពគ្នាបង្កើតក្រុមការងារចម្រុះផ្នែករ៉ែសំខាន់ៗ ដើម្បីធ្វើការឆ្ពោះទៅរកការបង្កើត MOU ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងនវានុវត្តន៍ និងលើកទឹកចិត្តភាពជាដៃគូរវាងក្រុមហ៊ុន ស្ថាប័នឧស្សាហកម្ម និងស្ថាប័នសិក្សា៕
ប្រភព៖ AKP