ឯកឧត្ដម ឃួង ស្រេង ហាមដាច់ខាត មិនឱ្យមានអំពើហិង្សាកើតឡើង ដោយផ្តើមចេញពីពាក្យសំដី ទូកចាញ់ ឬទូកឈ្នះ នៅក្នុងព្រះរាជពិធីបុណ្យអុំទូកនេះឡើយ

0

ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង បានស្នើសុំ និងហាមដាច់ខាតមិនឱ្យមានអំពើហិង្សាកើតឡើង ដោយផ្តើមចេញពីពាក្យសំដី ទូកចាញ់ ឬទូកឈ្នះ នៅក្នុងព្រះរាជពិធីបុណ្យអុំទូកចំនួន០៣ថ្ងៃ នេះឡើយ។ ឯកឧត្ដមបានស្នើសុំបែបនេះ  នៅក្នុងពិធីក្រុងពលី សុំសេចក្ដីសុខ សេចក្ដីចម្រើន ជូនកីឡាករ កីឡាការិនី និងប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី២៣ ខែវិច្ជិកា ឆ្នាំ២០២៣ នៅរមណីយ ដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ។

ក្នុងឱកាសនោះ ឯកឧត្ដម ឃួង ស្រេង ក៏បានផ្ដាំផ្ញើទៅដល់កីឡាករ កីឡាការិនី ទាំងអស់ថា នៅក្នុងអំឡុងនៃការប្រកួតនាពេលខាងមុខនេះ ហាមដាច់ខាតមិនឱ្យមាន អំពើហិង្សាកើតឡើង ដោយផ្តើមចេញពីពាក្យសំដី ទូកចាញ់ ឬទូកឈ្នះឡើយ និងបានណែនាំ ដល់អាជ្ញាធរ និងមន្ត្រី ពាក់ព័ន្ធ ក៏ដូចជាអ្នកគ្រប់គ្រង ធ្វើការណែនាំបន្តដល់កីឡាករ កីឡាការិនី របស់យើងថា  ចាញ់នៅឆ្នាំនេះ ឆ្នាំក្រោយមិនប្រាកដថាចាញ់ទៀតនោះទេ។ យើងត្រូវតែប្រឹងប្រែងហ្វឹក ហាត់បន្ថែមទៀត នោះយើងនឹងទទួលបានជោគជ័យ។ សូមកីឡាករកីឡាការិនីទាំងអស់ រក្សាកម្លាំងដើម្បីប្រកួតយកជ័យជម្នះនាពេលខាងមុខនេះ។

ឯកឧត្ដមបន្ដថា ពិធីបុណ្យអុំទូកធ្វើឡើងដើម្បីរំលឹកទៅដល់គុណបុព្វបុរសខ្មែរ យើង ពីជំនាន់ដើម ពិសេសរំលឹកទៅដល់កងទ័ពជើងទឹក ដែលបានការពារមហានគររបស់យើង បានរឹងមាំនាសម័យនោះ។ ពិធីបុណ្យអុំទូកឆ្នាំ២០២៣នេះ គឺជាឆ្នាំទី១ នៃអាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រោយប្រទេសកម្ពុជា យើងទទួលជោគជ័យយ៉ាងធំធេងលើការគ្រប់គ្រងជំងឺកូវីដ-១៩។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា ដោយអនុវត្តន៍តាមអនុសាសន៍ការណែនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គណៈបញ្ជាការ ឯកភាពរាជធានីភ្នំពេញ បានត្រៀម រួចរាល់ហើយ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកលេង នៅក្នុងព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំនេះ ពោលគឺធ្វើយ៉ាងណាឱ្យពិធីនេះទទួល បាននូវភាព រលូននិងជោគជ័យ។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា បើតាមរបាយការណ៍របស់ លោក ហែម ស៊ីណារ៉ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញឱ្យដឹងថា សម្រាប់ រាជធានីភ្នំពេញ មានទូក ង ដែលចូលរួមប្រកួត នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចំនួន៤៤ទូក ក្នុងនោះទូកអុំអន្តរជាតិចំនួន១២ទូក ទូកអុំបុរស មានចំនួន២៥ទូក និងទូកចែវចំនួន ៧ទូក៕

ប្រភព៖ AKP