ថៃ​ប្រកាស​គោលនយោបាយ​កិច្ចការ​បរទេស​ថ្មី

0

បរទេស៖ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានដាក់ចេញនូវគោលនយោបាយកិច្ចការបរទេស «សកម្ម» ថ្មីមួយ ដែលបណ្តាប្រេសិតថៃទាំងអស់ត្រូវបានគេរំពឹងថា នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងថាមពលទន់នៅបរទេស។

«ការទូតសកម្ម» របស់ប្រទេសថៃ ត្រូវបានប្រកាសនៅក្នុងពិធីជួបជុំប្រចាំឆ្នាំមួយរបស់បណ្តាឯកអគ្គរាជទូត អគ្គកុងស៊ុលថៃ អនុព័ន្ធពាណិជ្ជកម្ម និងមន្ត្រីជំរុញការវិនិយោគ។

យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ចៃ វ៉ាចារ៉ុនកេ បានឱ្យដឹងថា សុន្ទរកថារបស់នាយករដ្ឋមន្ត្រីថៃ ស្តីពីការទូតសកម្ម បានលើកឡើងអំពីការអនុវត្តការទូតជាក់ស្តែងដែលជំរុញសេដ្ឋកិច្ចរបស់ប្រទេស និងការពារផលប្រយោជន៍សាធារណៈ។

បណ្តាឯកអគ្គរាជទូត ប្រេសិត និងអនុព័ន្ធពាណិជ្ជកម្ម នឹងជាសមាជិកស្នូលនៃក្រុមការងារថៃដែលទទួលខុសត្រូវចម្បង គឺគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ចរបស់ប្រទេស។

លោក សេដ្ឋា បានចង្អុលបង្ហាញអំពីតម្រូវការដើម្បីចាប់ផ្តើមអនុវត្តគោលនយោបាយការទូតសកម្ម ខណៈដែលមានការរួមបញ្ចូលនូវការរំពឹងទុកជាសាធារណៈ និងអាជីវកម្មទាក់ទងនឹងកិច្ចការបរទេស។

លោកនាយករដ្ឋមន្រ្តីថៃ បានស្នើឱ្យបេសកជនទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវវិធីសាស្រ្តផ្តោតសំខាន់ទៅលើអតិថិជន ដែលរាជរដ្ឋាភិបាលមានបំណងអនុវត្ត។

លោកបានសង្កត់ធ្ងន់ទៅលើតួនាទីសំខាន់របស់រាជរដ្ឋាភិបាលក្នុងការគាំទ្រការកែលម្អបន្ថែមទៀតនៃសន្ទស្សន៍ភាពងាយស្រួលក្នុងការធ្វើអាជីវកម្មរបស់ប្រទេសថៃ និងពន្លឿនកិច្ចចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា៕

ប្រភព៖ AKP