ព្រះសីហនុ៖ សូមកុំសាកល្បង ទោះបីអ្នកធ្វើដំណើរមកពីខេត្ត ក្រុងណាក៏ដោយ ឱ្យតែសមត្ថកិច្ចរបស់យើងរកឃើញមានការពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀនត្រូវតែចូលមណ្ឌលបន្សាប ចំពោះអ្នកពាក់ព័ន្ធនឹងការជួញដូរត្រូវធ្វើការចោទប្រកាន់ផ្តន្ទាទោសតាមផ្លូវច្បាប់។
នេះជាការលើកឡើងរបស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញសំណេះសំណាល និងលើកទឹកចិត្តដល់កងកម្លាំងនគរបាន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងគណៈបញ្ជាការការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ ក្នុងការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងបន្តស្រាវជ្រាវគ្រឿងញៀន នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការកោតសរសើ និងវាយតម្លៃខ្ពស់ ចំពោះប្រតិបត្តិការរបស់កងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងគណ:បញ្ជាការឯកភាពក្រុងព្រះសីហនុ ក៏ដូចជាគណ:បញ្ជាការឯកភាពក្រុង ស្រុក ធ្វើការត្រួត ពិនិត្យអាវុធជាតិផ្ទុះនៅតាមដងផ្លូវសាធារណៈ ក្នុងភូមិសាស្ត្ររបស់ខ្លួន ។ ក៏ប៉ុន្តែការត្រួតអាវុធជាតិផ្ទុះរបស់បងប្អូន ឈានទៅការបង្ក្រាបបទល្មើសផ្សេងៗទៀត ជាក់ស្តែងលទ្ធផលថ្ងៃនេះ គឺបានមកពីការចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ ឈានដល់ការបង្ក្រាបបានគ្រឿងញៀននេះជាង ៥គីឡូក្រាម និងឈានប្រមូលបានសារធាតុញឿន រួមទាំងការឃាត់ខ្លួនជនសង្ស័យ យកមកធ្វើការផ្តន្ទាទោសតាមផ្លូវច្បាប់ ។
ក្នុងនាមគណ:បញ្ជាការឯកភាពខេត្ត សូមកោតសរសើរចំពោះស្មារតីរបស់កងកម្លាំង ដែលបានខិតខំយកចិត្តទុកដាក់ទទួលខុសត្រូវ បំពេញកិច្ចការដោយការព្យាយាម ហ្មត់ចត់ស្រាវជ្រាវ រុករក និងអនុវត្តវិធានការសមស្របឈានទៅការគ្រប់គ្រង និងបង្ក្រាបនូវករណីផ្សេងៗបន្តទៀត និងសុំលើកទឹកចិត្តការខិតខំបន្តទៀត ដើម្បីទប់ស្កាត់មិនឱ្យថ្នាំញឿនចូលក្នុងសហគមន៍ និងឆ្លុះបញ្ចាំងថា ក្នុងមូលដ្ឋានរបស់យើងមានបទល្មើស បើយើងមិនប្រឹងប្រែងប្តេជ្ញាចិត្តទាំងអស់គ្នានោះទេ វាប៉ះពាល់សុខុមាលភាពបងប្អូនប្រជាពលរដ្ឋយើងជាច្រើននាក់ ដែលរងគ្រោះដោយសារគ្រឿងញៀន គណៈបញ្ជាការឯកភាពខេត្ត បានដាក់ចេញវិធានការពីរ ក្នុងយុទ្ធនាការបង្ក្រាបទប់ស្កាត់បញ្ហាគ្រឿងញៀន និងអ្នកប្រើប្រាស់ ទោះបីយើងទប់ស្កាត់អ្នកជួញដូរ តែអ្នកប្រើប្រាស់នៅតែត្រូវការធ្វើឱ្យសកម្មភាពនេះ នៅតែមានទំនាក់ទំនងគ្នា ១-បង្ក្រាបអ្នកជួញដូរ, ២-ប្រមូលអ្នកប្រើប្រាស់ និងយកទៅបន្សាបគ្រឿងញៀន ដើម្បីឱ្យផ្តាច់ទំនាក់ទំនងអ្នកប្រើប្រាស់ និងបង្ក្រាបអ្នកជួញដូរ ហើយលទ្ធផលនេះយើងធ្វើមានប្រសិទ្ធភាពមកដល់ថ្ងៃនេះ តាមស្ថិតិមានប្រជាពលរដ្ឋនៅក្រោមយុទ្ធនាការជាង ១១៣នាក់យើងបានបញ្ជូនទៅមណ្ឌលបន្សាបគ្រឿងញៀននៅឃុំកែវផុះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
ដោយអនុវត្តតាមស្មារតីរបស់គណៈបញ្ជាការឯកភាពខេត្ត ដោយមានការគាំទ្រដោយស្ថាប័នអយ្យ ការ យើងបានឯកភាពឱ្យតែអ្នកប្រើប្រាស់គ្រឿងញៀន គឺយើងចាត់វិធានការអប់រំ និងបន្សាបដើម្បីឱ្យពួកគាត់បញ្ចប់ការប្រើប្រាស់ និងកាត់ផ្តាច់ នៃទំនាក់ទំនងការស្វែងរកទិញថ្នាំញឿនយកមកប្រើប្រាស់ ព្រោះការផ្គត់ផ្គង់ និងតម្រូវការជាការឆ្លើយតបគ្នា បើយើងទុកអ្នកលក់ អ្នកត្រូវការនៅតែរកផលរបរនេះមិនងាយបញ្ចប់នោះទេ ។ ដូច្នេះយើងត្រូវទប់ស្កាត់ទាំងពីរ ទាំងអ្នកដែលស្វែងរកក៏ត្រូវបញ្ចប់ រកឃើញមួយយកទៅដាក់មណ្ឌលមួយ អាចនិយាយថា អ្នកប្រើប្រាស់នឹងមានការថយចុះតាមលទ្ធភាពដែលយើងអាចប្រមូលផ្តុំបាន ធ្វើឱ្យអ្នកលក់ក៏បាត់បង់ទីផ្សារ ក្រោយពីយកពួកគាត់ចូលមណ្ឌលបន្សាប យើងនឹងធ្វើការស្រាវជ្រាវ អ្នកណាជាអ្នកលក់ចែកចាយឱ្យគាត់ ដើម្បីយើងមានមូលដ្ឋានស្រាវជ្រាវបង្ក្រាបអ្មកលក់ និងជួញដូរ ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់សាធារណជនថា សូមកុំសាកល្បង ទោះបីអ្នកធ្វើដំណើរមកពីខេត្ត ក្រុងណាក៏ដោយ ឱ្យតែសមត្ថកិច្ចរបស់យើងរកឃើញ មានការពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន ត្រូវតែចូលមណ្ឌលបន្សាប ។ ចំពោះអ្នកពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ត្រូវធ្វើការចោទប្រកាន់ផ្តន្ទាទោសតាមផ្លូវច្បាប់ បើសិនដឹងខ្លួនមានការពាក់ព័ន្ធនឹងថ្នាំញឿនសូមឱ្យបញ្ឈប់ រដ្ឋបាលខេត្តព្រះសីហនុមិនស្វាគមន៍ទេ ។
ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកថវិកាឧបត្ថម ជូនគណ:បញ្ជាការឯកភាពក្រុងព្រះសីហនុ ចំនួន ១០លានរៀល និងស្នងការនគរបាលខេត្តព្រះសីហនុចំនួន ១០លានរៀលផងដែរ ៕
ប្រភព៖ AKP