បរទេស៖ អគ្គលេខាធិការអង្គការណាតូ លោក ជែនស៍ ស្តូលធែនបឺក បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយក្នុងប្រទេសម៉ាសេដូនៀខាងជើងថា អង្គការណាតូបានបង្កើនកម្លាំងយោធារបស់ខ្លួននៅក្នុងប្រទេសកូសូវ៉ូចំនួន ១.០០០នាក់។ នេះបើយោងតាមការចេញផ្សាយរបស់ការិយាល័យសារព័ត៌មានរបស់អង្គការណាតូ។
លោក ស្តូលធែនបឺក បាននិយាយថា «យើងបានដាក់ពង្រាយកងទ័ពបន្ថែមចំនួន ១.០០០នាក់ទៅកាន់ប្រទេសកូសូវ៉ូ» ដោយលោកបាននិយាយបន្ថែមថា អង្គការណាតូបានរកឃើញអស្ថិរភាពនៃស្ថានភាពនៅក្នុងប្រទេសកូសូវ៉ូដែលគួរឱ្យព្រួយបារម្ភ។
ទន្ទឹមនឹងនេះដែរ លោកបានគូសបញ្ជាក់ថា អង្គការណាតូមើលឃើញថា គ្មានការគំរាមកំហែងខាងយោធាដោយផ្ទាល់សម្រាប់រដ្ឋបាល់កង់ទេ រួមទាំងរដ្ឋជាសមាជិកអង្គកាណាតូផងដែរ ប៉ុន្តែសម្ព័ន្ធមិត្តមានការព្រួយបារម្ភចំពោះភាពតានតឹងដែលកំពុងកើនឡើងនៅក្នុងប្រទេសកូសូវ៉ូ បូស្នៀ និងហឺហ្សេហ្គោវីណា។
កន្លងមក សម្ព័ន្ធមិត្តបានប្រកាសផ្លាស់ប្តូរកងកម្លាំងបន្ថែមពីរូម៉ានី និងអង់គ្លេស ទៅកាន់ប្រទេសកូសូវ៉ូ។
កាលពីដើមឆ្នាំនេះ សម្ព័ន្ធមិត្តមានកងទាហានប្រហែល ៤.៥០០នាក់នៅក្នុងប្រទេសកូសូវ៉ូ៕
ប្រភព៖ AKP