បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល បានទៅដល់ប្រទេសអង់គ្លេសកាលពីថ្ងៃចន្ទ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងរំលឹកខួបលើកទី១៤០ នៃទំនាក់ទំនងទ្វេភាគី ដែលជាជើងទីមួយនៃដំណើរទស្សនៈកិច្ចពីរប្រទេសរបស់លោក ដែលក្រោយមកលោកនឹងបន្តទស្សនកិច្ចទៅកាន់ប្រទេសបារាំងសម្រាប់យុទ្ធនាការការទូតចុងក្រោយ ដើម្បីចូលរួមកម្មវិធីពិព័រណ៍ពិភពលោកឆ្នាំ២០៣០ នៅទីក្រុងប៊ូសាន។
ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលបួនថ្ងៃទៅកាន់ទីក្រុងឡុងដ៍ ធ្វើឡើងតាមការអញ្ជើញរបស់ព្រះអង្គម្ចាស់ ឆាលស៍ទី៣ ។ លោក យូន និងស្ត្រីទីមួយ លោកស្រី គីម គិនហេ គឺជាភ្ញៀវរដ្ឋដំបូងរបស់ចក្រភពអង់គ្លេសចាប់តាំងពីការឡើងគ្រងរាជ្យរបស់ព្រះមហាក្សត្រ ព្រះអង្គម្ចាស់ ឆាលស៍ទី៣ កាលពីក្នុងខែឧសភា ដែលជាការបង្ហាញអំពីសារៈសំខាន់ពិសេសនៃទីក្រុងឡុងដ៍ចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងសេអ៊ូល។
លោក គីម តេយ៉ូ ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅពេលមុននេះ ដោយបានកត់សម្គាល់ថា ប្រទេសកូរ៉េខាងត្បូង និងប្រទេសអង់គ្លេស បានចែករំលែកតម្លៃស្នូលនៃសេរីភាព សិទ្ធិមនុស្ស និងនីតិរដ្ឋ។
លោក យូន និងស្ត្រីទីមួយ នឹងត្រូវបានស្វាគមន៍នៅក្នុងព្រះរាជពិធីដែលនឹងចាប់ផ្តើមជាមួយព្រះអង្គម្ចាស់ វីល្លាម និងព្រះមហេសីរបស់ព្រះអង្គ គឺព្រះនាង ខេត មីតដលតុន ដែលបានទៅដល់សណ្ឋាគារ ដើម្បីអមដំណើរពួកគេទៅកាន់វិមាន Horse Guards Parade សម្រាប់ពិធីស្វាគមន៍ជាផ្លូវការ។
លោក យូន ក៏គ្រោងនឹងពិភាក្សាអំពីវិធីកែលម្អកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកូរ៉េខាងត្បូង-អង់គ្លេស ដើម្បីជួយសម្រួលដល់ការចូលរបស់ក្រុមហ៊ុនធុរកិច្ចកូរ៉េខាងត្បូងទៅក្នុងទីផ្សារអង់គ្លេស បន្ទាប់ពីប្រទេសមួយនេះបានចាកចេញពីសហភាពអឺរ៉ុបផងដែរ៕
ប្រភព៖ AKP