បរទេស៖ រដ្ឋាភិបាលជប៉ុនបាននិយាយកាលពីថ្ងៃពុធថា សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនបានធ្លាក់ចុះដោយអត្រាប្រចាំឆ្នាំចំនួន ២,១% នៅក្នុងអំឡុងខែកក្កដាដល់ខែកញ្ញា ដែលនេះជាការធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល ៣ត្រីមាសនេះ។
យោងតាមតួលេខបឋមដោយការិយាល័យគណៈរដ្ឋមន្រ្តីបានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) ពិតប្រាកដ តម្លៃសរុបនៃទំនិញ និងសេវាកម្មដែលផលិតក្នុងប្រទេសជប៉ុនបានកែសម្រួលសម្រាប់អតិផរណាក្នុងត្រីមាសទី៣ បានធ្លាក់ចុះ ០,៥% ពីត្រីមាសខែមេសាដល់ខែមិថុនា។ ទិន្នន័យកាលពីថ្ងៃពុធ គឺអាក្រក់ជាងការប៉ាន់ប្រមាណរបស់អ្នកសេដ្ឋកិច្ចនៃការធ្លាក់ចុះប្រចាំឆ្នាំ ០,៤២% ដោយសារតែការប្រើប្រាស់ខ្វះខាត និងការវិនិយោគដើមទុនបានប៉ះពាល់ទៅលើសេដ្ឋកិច្ច។
ការប្រើប្រាស់ឯកជនបានធ្លាក់ចុះ ០,០៤% នៅក្នុងខែកក្កដាដល់ខែកញ្ញា ដោយធ្លាក់ចុះសម្រាប់ត្រីមាសទី២ ជាប់ៗគ្នា ដោយសារអតិផរណាបានបន្តធ្លាក់ចុះក្នុងប៉ុន្មានខែថ្មីៗនេះ។ ការវិនិយោគអាជីវកម្មក៏បានធ្លាក់ចុះ ០,៦% ផងដែរ បន្ទាប់ពីបានធ្លាក់ចុះ ១,០% នៅក្នុងខែមេសាដល់ខែមិថុនា ដែលបង្ហាញថា ក្រុមហ៊ុនបន្តកាត់បន្ថយការចំណាយដើមទុន ចំពេលដែលមានការកើនឡើងនៃតម្លៃ។
ការនាំចូលដែលកំណើនបានជះឥទ្ធិពលដល់ GDP ជាអវិជ្ជមាន បានកើនឡើង ១,០% ដែលជាការស្ទុះងើបឡើងវិញពីការធ្លាក់ចុះយ៉ាងខ្លាំងចំនួន ៣,៨% នៅក្នុងត្រីមាសមុន ខណៈដែលការនាំចេញបានកើនឡើង ០,៥%។ សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនបានកើនឡើង ៣,៧% នៅក្នុងត្រីមាសទី១ និង ៤,៥% នៅក្នុងត្រីមាសទី២ នៅលើមូលដ្ឋានប្រចាំឆ្នាំ៕
ប្រភព៖ AKP