​​គណៈប្រតិភូរុស្ស៊ីទៅដល់ទីក្រុងព្យុងយ៉ាង ដើម្បីពិភាក្សាអំពីពាណិជ្ជកម្ម និងវិទ្យាសាស្ត្រ

0

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបាននិយាយនៅថ្ងៃពុធនេះថា គណៈប្រតិភូរដ្ឋាភិបាលរុស្ស៊ីបានទៅដល់ទីក្រុងព្យុងយ៉ាងហើយ ដើម្បីចូលរួមពិភាក្សាអំពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិទ្យាសាស្រ្ត។

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​កណ្តាល​កូរ៉េ (KCNA) បានឱ្យដឹងថា គណៈប្រតិភូរុស្ស៊ីដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ លោក អេឡិចសាន់ឌើ កូហ្សឡូវ បានទៅដល់កូរ៉េខាងជើងកាលពីថ្ងៃអង្គារម្សិលមិញ ដើម្បីចូលរួមក្នុងកិច្ចប្រជុំលើកទី១០ នៃគណៈកម្មាធិការសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យារវាងប្រទេសទាំងពីរ។

ទីភ្នាក់ងារសារព័ត៌មាន KCNA បាននិយាយនៅក្នុងអត្ថបទជាភាសាអង់គ្លេសមួយថា មន្ត្រីថ្នាក់ការងារនៃភាគីទាំងពីរកំពុងពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់លើ «បញ្ហាជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ ដែលត្រូវឆ្លុះបញ្ចាំងនៅក្នុងពិធីសារនៃកិច្ចប្រជុំ»។

ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនេះ ធ្វើឡើងស្របពេលដែលទីក្រុងព្យុងយ៉ាងកំពុងស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយរុស្ស៊ី បន្ទាប់ពីកិច្ចប្រជុំកំពូលដ៏កម្រមួយរវាងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃទី១៣ ខែកញ្ញាកន្លងទៅ៕

ប្រភព៖ AKP