បរទេស៖ កម្មវិធីពិព័រណ៍ផ្លូវដែកសម័យថ្មីឆ្នាំ២០២៣ (Modern Railways 2023) ដែលជាពិព័រណ៍មួយបង្ហាញពីបច្ចេកវិទ្យា និងគ្រឿងបរិក្ខាផ្លូវដែកចុងក្រោយបង្អស់ បានចាប់ផ្តើមប្រារព្ធធ្វើឡើងនៅទីក្រុងប៉េកាំង កាលពីថ្ងៃអង្គារម្សិលមិញ។
ពិព័រណ៍នេះនឹងមានរយៈពេលរហូតដល់ថ្ងៃព្រហស្បតិ៍ស្អែកនេះ ដោយមានចូលរួមអ្នកតាំងពិព័រណ៍ប្រមាណជិត ៤០០នាក់ មកពីប្រទេស និងតំបន់ចំនួន១៤។ ពិព័រណ៍នេះត្រូវបានអនុម័តរួមគ្នាដោយក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនផ្លូវដែករដ្ឋចិន (China Railway) និងរៀបចំដោយក្រុមហ៊ុនសាជីវកម្មវិទ្យាសាស្ត្រផ្លូវដែកចិន និងក្រុមហ៊ុនមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកចិន។
ដោយធ្វើឡើងនៅលើផ្ទៃដីជាង ៣០.០០០ម៉ែត្រក្រឡា ពិធិតាំងពិព័រណ៍នេះបានបង្ហាញនូវបច្ចេកវិទ្យា និងផលិតផលចុងក្រោយបំផុតនៃខ្សែសង្វាក់ឧស្សាហកម្មផ្លូវដែកទាំងមូល។
យោងតាមគេហទំព័ររបស់ពិព័រណ៍នេះបានឱ្យដឹងថា ផ្លូវដែកទំនើបបាននឹងកំពុងរីកលូតលាស់ទៅជាការបង្ហាញផ្លូវរថភ្លើងឈានមុខគេនៅអាស៊ី ក៏ដូចជាការតាំងពិព័រណ៍អន្តរជាតិដែលបង្កើតវេទិកាទំនាក់ទំនងសម្រាប់ឧស្សាហកម្មផ្លូវដែក ដែលដើរតួនាទីវិជ្ជមានក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ខណៈដែលលើកកម្ពស់ការអភិវឌ្ឍ និងនវានុវត្តន៍នៃបច្ចេកវិទ្យាផ្លូវដែករបស់ប្រទេសចិន។
វេទិកាកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ផ្លូវដែកលើកទី៤ ក៏ត្រូវបានប្រារព្ធធ្វើឡើងផងដែរ ក្នុងអំឡុងពេលនៃពិធីពិព័រណ៍នោះ ដែលត្រូវបានប្រារព្ធឡើងជារៀងរាល់ពីរឆ្នាំម្ដងចាប់តាំងពីឆ្នាំ១៩៩២ មក។
អ្នកចូលរួមនៅក្នុងវេទិកានោះបានធ្វើកិច្ចពិភាក្សាយ៉ាងស៊ីជម្រៅ និងផ្លាស់ប្តូរយោបល់គ្នាទៅលើការរួមគ្នាកសាងផ្លូវដែកបៃតង ឆ្លាតវៃជាងមុន មានប្រសិទ្ធភាពជាងមុន ការតភ្ជាប់គ្នា និងសុវត្ថិភាពផ្លូវដែក និងបម្រើឱ្យកាន់តែប្រសើរឡើងនូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃប្រទេសនានា ដើម្បីជំរុញទំនើបភាវូបនីយកម្ម៕
ប្រភព៖ AKP