បណ្តាមេដឹកនាំ APEC ស្វែងរកវិធានការសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ឱ្យកាន់តែរឹងមាំ

0

បរទេស៖ ប្រមុខរដ្ឋនៃប្រទេសវៀតណាម លោក វ៉ូ វ៉ាន់ធូង និងបណ្តាមេដឹកនាំនៃប្រទេសសេដ្ឋកិច្ច APEC ផ្សេងទៀត គ្រោងនឹងពិភាក្សាគ្នាអំពីបញ្ហាសំខាន់ៗចំពោះសេដ្ឋកិច្ចពិភពលោក និងតំបន់ ដោយកំណត់ទិសដៅនៃកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងវិស័យជាច្រើនទៀត ក្នុងកំឡុងពេលនៃទិវាសប្តាហ៍ថ្នាក់ដឹកនាំ APEC នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ចាប់ពីថ្ងៃទី១៤-១៧ ខែវិច្ឆិកា។

វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) បច្ចុប្បន្ននេះ មានសមាជិកចំនួន២១ ដែលក្នុងនោះមានប្រទេសមហាអំណាចចំនួន៣ គឺសហរដ្ឋអាមេរិក ចិន និងជប៉ុន រួមជាមួយនឹងប្រទេសចំនួន៩ មកពីក្រុមប្រទេស G20 និងប្រទេសកំពុងរីកចម្រើន និងមានសេដ្ឋកិច្ចសកម្មជាច្រើនទៀត។

ទិវាឆ្នាំ APEC នៅក្នុងឆ្នាំ២០០៦ និងឆ្នាំ២០១៧ បានទទួលជោគជ័យ ដោយក្នុងអំឡុងពេលនោះ លទ្ធផលសំខាន់ៗជាច្រើនដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រដល់ APEC ក៏ដូចជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការតភ្ជាប់នៅអាស៊ីប៉ាស៊ីហ្វិកត្រូវបានបង្កើតឡើង។

បច្ចុប្បន្ននេះ APEC គឺជាយន្តការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសមាគមឈានមុខគេនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលមានចំនួន ៣៨% នៃចំនួនប្រជាជនសរុបរបស់ពិភពលោក ៦២% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោក និងប្រមាណជិត ៥០% នៃតម្លៃពាណិជ្ជកម្មពិភពលោក។

ទិវាសប្តាហ៍មេដឹកនាំ APEC នៅក្នុងឆ្នាំនេះ កំពុងប្រព្រឹត្តទៅក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោក ក៏ដូចជាការតភ្ជាប់សេដ្ឋកិច្ចជាសកល និងតំបន់ បានផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ រួមជាមួយនឹងហានិភ័យ ឧបសគ្គ និងឱកាសដែលទាក់ទងគ្នា ព្រមទាំងបញ្ហាប្រឈមសន្តិសុខបែបប្រពៃណី និងមិនមែនប្រពៃណី។ នេះ គឺជាពេលវេលាដ៏សំខាន់ដែលតម្រូវឱ្យសមាជិក APEC ត្រូវពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ដើម្បីប្រែក្លាយបញ្ហាប្រឈមទៅជាឱកាសសម្រាប់ការងើបឡើងវិញ និងការអភិវឌ្ឍប្រកបដោយចីរភាព៕

ប្រភព៖ AKP