ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកំពុងសិក្សាពីគម្រោងដឹកជញ្ជូនតាមមធ្យោបាយថ្មីៗបន្ថែមទៀត។
ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ” នារសៀលថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកាឆ្នាំ២០២៣នេះ សម្ដេចធិបតីបានបង្ហើបពីគម្រោងចំនួនបី។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា« យើងកំពុងសិក្សាបន្ថែមនូវការរៀបចំផ្លូវដឹកជញ្ជូនសាធារណៈ ប្រព័ន្ធផ្លូវក្រោមដី ប្រព័ន្ធផ្លូវអាកាសបន្ថែម ជាពិសេសការពង្រីកទីក្រុង ខ្ញុំបានឱ្យឯកឧត្តម សាយ សំអាល់ ពិនិត្យមើល ហើយខាងក្រសួងដែនដីក៏រៀបចំ Master plan សម្រាប់ទីក្រុងប្រភេទថ្មី ត្រូវគិតគូរអំពីហេដ្ឋារចនាសម្ពន្ធសាធារណៈនៅក្នុងនោះ»។
សូមបញ្ជាក់ថា គម្រោងតភ្ជាប់ហេដ្ឋារចនាសម្ពន្ធ គឺជាអាទិភាពគន្លឹះទី២ នៅក្នុងអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលនឹងជួយកាត់បន្ថយចំណាយលើឥន្ធនៈដោយសារការកកស្ទះ និងសម្រួលដល់ការធ្វើដំណើរប្រកបការងារដើម្បីសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ៕
ប្រភព៖ AKP