បរទេស៖ ប្រមុខការពារជាតិកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រទប់ស្កាត់រួមគ្នារបស់ពួកគេទៅលើប្រទេសកូរ៉េខាងជើង ក្នុងអំឡុងពេលនៃកិច្ចពិភាក្សាសន្តិសុខប្រចាំឆ្នាំរបស់ពួកគេកាលពីថ្ងៃចន្ទ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ទល់នឹងការគំរាមកំហែងមីស៊ីល និងនុយក្លេអ៊ែរដែលកំពុងកើនឡើងរបស់ទីក្រុងព្យុងយ៉ាង។
យុទ្ធសាស្រ្តទប់ស្កាត់ (TDS) ឆ្នាំ២០២៣ ដែលត្រូវបានកែសម្រួលជាលើកដំបូងក្នុងរយៈពេល ១០ឆ្នាំ ដោយបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត «ពង្រីកការរារាំង» របស់សហរដ្ឋអាមេរិក ដើម្បីការពារកូរ៉េខាងត្បូង ដោយការប្រើអាវុធនុយក្លេអ៊ែរ និងសមត្ថភាពយោធាផ្សេងទៀតទាំងអស់របស់ខ្លួន ដើម្បីប្រឈមមុខនឹងប្រទេសកូរ៉េខាងជើង ដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរ។
រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក ស៊ីន វ៉ុនស៊ីក និងរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក ឡយដ៍ អូស្ទីន បានអនុម័តលើឯកសារនេះក្នុងសម័យប្រជុំលើកទី៥៥ នៃកិច្ចប្រជុំប្រឹក្សាសន្តិសុខប្រចាំឆ្នាំនៅទីក្រុងសេអ៊ូល។
ពួកគេក៏បានសន្យាថានឹងពង្រីកកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគីជាមួយប្រទេសជប៉ុនផងដែរ ដោយការធ្វើឱ្យសកម្មនូវយន្តការចែករំលែកទិន្នន័យសម្រាប់ការបាញ់មីស៊ីលរបស់កូរ៉េខាងជើងនៅខែក្រោយ និងធ្វើសមយុទ្ធរួមគ្នាជាប្រព័ន្ធចាប់ពីឆ្នាំក្រោយទៅ។
លោក ស៊ីន បាននិយាយថា សហរដ្ឋអាមេរិកបានបង្កើនការដាក់ពង្រាយយុទ្ធសាស្ត្រទៅកាន់កូរ៉េខាងត្បូងក្នុងឆ្នាំនេះ រួមទាំងនាវាមុជទឹកដែលមានសមត្ថភាពនុយក្លេអ៊ែរ ដែលជាលើកដំបូងក្នុងរយៈពេលជាង ៤០ឆ្នាំកន្លងមកនេះ និងការចុះចតលើកទីមួយរបស់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រប៊ី-៥២ (B-52) និងបានបង្កើនភាពជឿជាក់នៃការប្តេជ្ញាចិត្តនៃការរារាំងបន្ថែមទៀតរបស់ទីក្រុងវ៉ាស៊ីនតោន។
នៅថ្ងៃអង្គារនេះ លោក អូស្ទីន នឹងចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិដំបូងរបស់ប្រទេសកូរ៉េខាងត្បូង និងប្រទេសជាសមាជិកនៃទីបញ្ជាការអង្គការសហប្រជាជាតិ (UNC) ដែលបានរួមចំណែកដល់កម្លាំងក្នុងការប្រយុទ្ធសម្រាប់កូរ៉េខាងត្បូងក្នុងអំឡុងសង្គ្រាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ មុនពេលចេញដំណើរទៅកាន់ប្រទេសឥណ្ឌូណេស៊ីដែលជាប្រទេសចុងក្រោយ៕
ប្រភព៖ AKP