រដ្ឋមន្រ្ដីក្រសួងព័ត៌មានលើកឡើងថា ការពង្រឹងស្ថាប័ន ការពង្រឹងសមត្ថភាពមន្រ្តី និងការលើកទឹកចិត្ត គឺជាចំណុចសំខាន់នៃដំណើរការកែទម្រង់រដ្ឋបាលសាធារណៈ

0

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានលើកឡើងថា ការពង្រឹងស្ថាប័ន ការពង្រឹងសមត្ថភាពមន្រ្តី និងការលើកទឹកចិត្ត គឺជាចំណុចសំខាន់នៃដំណើរការកែទម្រង់រដ្ឋបាលសាធារណៈ ហើយសម្រាប់ការធ្វើកំណែទម្រង់នេះ ក្រសួងព័ត៌មានគឺមានការពាក់ព័ន្ធចំនួន ៣ ដែលត្រូវធ្វើរួមមាន កំណែទម្រងរដ្ឋបាលសាធារណៈ, ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសបើកសិក្ខាសាលាផ្សព្វផ្សាយតម្រង់ទិសទស្សនាទាននៃកំណែទម្រង់រដ្ឋបាលសាធារណៈ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងព័ត៌មាន។

ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងពីសារៈសំខាន់នៃសិក្ខាសាលានាឱកាសនេះ ដែលពាក់ព័ន្ធដល់ដំណើរការកំណែទម្រង់រដ្ឋបាលសាធារណៈ ជាកិច្ចការងារមួយដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ជាអាទិភាពក្នុងការគ្រប់គ្រង និងដឹកនាំប្រទេសនៅក្នុងអាណត្តិទី៧។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងថា សម្រាប់អាណត្តិទី ៧ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅឆ្នាំ២០២៤ គឺឆ្នាំដែលយើងត្រូវចាប់ហ្វាំង មានន័យថា ក្រសួង ស្ថាប័នទាំងអស់ ត្រូវពិនិត្យវាយតម្លៃទៅលើអ្វីដែលក្រសួង ស្ថាប័នរបស់ខ្លួនមាន ហើយរៀបចំនូវផែនការឱ្យបានច្បាស់លាស់ មុននឹងបន្តដំណើរទៅមុខទៀត ។ ទន្ទឹមនេះ សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ នេះ ក៏បានផ្តោតលើការងារជាអាទិភាពសំខាន់ៗចំនួន ៦ ក្នុងនោះ ចំណុចទី១ ពាក់ព័ន្ធមុខងារសាធារណៈ ទី២ ការអប់រំ ទី៣ សុខាភិបាល ទី៤ កសិកម្ម ទី៥ ពាក់ព័ន្ធការងារ និងទី៦ ពាក់ពន្ធ័ប្រព័ន្ធយុត្តិធម៌។


ឯកឧត្ដមរដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា សម្រាប់មុខងារសាធារណៈ គឺជាអាទិភាព ១ ស្ថិតក្នុងដំណើរនៃការកែទម្រង់ ទៅលើស្ថាប័ន ហើយការគ្រប់គ្រងស្ថាប័នមួយគឺត្រូវផ្តោតសំខាន់ទៅលើ ៣ ចំណុច គឺទី១ ផ្តោតលើភាពជាអ្នកដឹកនាំ មានន័យថា តាំងពីថ្នាក់កំពូល រហូតដល់ថ្នាក់ក្រោម គឺចាំបាច់ត្រូវមានភាពជាអ្នកដឹកនាំ។ ទី២ គឺរចនាសម្ព័ន្ធការងារច្បាស់លាស់ មានន័យថា យើងស្គាល់តូនាទី និងការបែងចែកតូនាទី ភារកិច្ចឱ្យបានច្បាស់លាស់។ ទី៣ គឺធនធានមនុស្ស ដែលចំណុចទាំង ៣ នេះ នាំទៅរកការដឹកនាំស្ថាប័នបានរឹងមាំ។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានជម្រាបជូនផងដែរថា សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី ៧ រហូតមកដល់ថ្ងៃនេះ គឺមានរយៈពេល ៨២ ថ្ងៃ ហើយក្នុងពេលបន្តបន្ទាប់មកនេះ តាមក្រសួង ស្ថាប័ន ក៏ដូចជាសម្តេចធិបតីនាយករដ្ឋមន្ត្រី តែងធ្វើការប្រជុំជាច្រើនដង គឺដើម្បីដាក់ចុះនូវគោលនយោបាយ ផែនការសកម្មភាព សម្រាប់ដំណើរការរាជរដ្ឋាភិបាលថ្មី ឱ្យបានកាន់តែល្អនិងបន្តទៅមុខទៀត ។

ឯកឧត្តម នេត្រ ភក្រ្ដា បានបញ្ជាក់ឱ្យដឹងដែរថា សម្តេចធិបតីនាយករដ្ឋមន្រ្តីបានទុកពេលឱ្យ១ឆ្នាំ ដល់ក្រសួង ស្ថាប័ន ដើម្បីធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលមាន៣ ចំណុចសំខាន់ គឺការពង្រឹងស្ថាប័ន ការពង្រឹងសមត្ថភាពមន្រ្តីនិងការលើកទឹកចិត្ត។ ឯកឧត្ដមបានគូសបញ្ជាក់អំពីចំណុចសំខាន់ៗដែលក្រសួងព័ត៌មានត្រូវធ្វើចាប់ពីពេលនេះទៅគឺការបណ្តុះបណ្តាល និងពង្រឹងធនធានមនុស្សឱ្យបានរឹងមាំ ដោយត្រូវប្រមូលម្តុំមន្រ្តីធ្វើការងារជារួមឡើងវិញ ក្នុងនោះ ត្រូវរៀបចំធនធានមនុស្សឡើងវិញឱ្យមានគុណភាព និងសមត្ថភាព ដើម្បីបំពេញកិច្ចការងារឱ្យមានប្រសិទ្ធភាព។


ឯកឧត្តមរដ្ឋមន្រ្តីក៏បានបញ្ជាក់បន្ថែមថា ដើម្បីធ្វើឱ្យកិច្ចការងារប្រព្រឹត្ដទៅបានដោយរលូន គឺត្រូវបន្តការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលបានអនុវត្តន៍កន្លងមក និងមានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងដាក់ចេញនូវវិធានការគន្លឹះនៅក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដើម្បីសម្រេចឱ្យបានលទ្ធផលជាក់ស្តែងក្នុងផ្នែកគន្លឹះនៃរដ្ឋបាលសាធារណៈ ដោយផ្តោតលើការពង្រឹងគុណភាព ប្រសិទ្ធភាព និងសមិទ្ធិកម្ម របស់មន្រ្តី និងស្ថាប័ន តាមរយៈវិធានការជាក់ស្តែង រួមមានការដាក់ឱ្យអនុវត្តន៍ប្រព័ន្ធជ្រើសរើសមន្រ្តីឱ្យចូលបំពេញកិច្ចការងារប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព។

ឯកឧត្ដម នេត្រ ភក្រ្ដា បានសង្កត់ធ្ងន់ថា ការពង្រឹងសមត្ថភាពនិងសមិទ្ធិកម្មស្ថាប័នគឺដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ហើយការដាក់ឱ្យអនុវត្តន៍ប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធិកម្មប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព ជាពិសេសអ្វីសំខាន់នោះគឺ រួមចិត្ត រួមគំនិត រួមសកម្មភាព។

ជាមួយគ្នានេះដែរ ឯកឧត្តម រស់ ថាន់សន រដ្ឋលេខាធិការ ទទួលបន្ទុកដឹកនាំ និងសម្របសម្រួលលើការដ្ឋានកំណែទម្រង់រដ្ឋបាលសាធារណៈនៃក្រសួងព័ត៌មាន បានធ្វើបទបង្ហាញអំពីទស្សនាទាននៃការកែទម្រង់រដ្ឋបាលសាធារណៈ បទបង្ហាញស្តីពីជំហាន និងសកម្មភាពដែលត្រូវអនុវត្តន៍ ក្នុងគោលបំណងលើកកម្ពស់អភិបាលកិច្ចល្អ និងក្រមសីលធម៌វិជ្ជាជីវៈការងារ ដើម្បីត្រៀមលក្ខណៈចូលរួមចំណែកអនុវត្តន៍កម្មវិធីជាតិ កែទម្រង់រដ្ឋបាលសាធារណៈ លើការអនុវត្តប្រព័ន្ធគ្រប់គ្រងផ្អែកលើសមិទ្ធិកម្មរបស់ក្រសួងព័ត៌មាន គឺការដាក់ឱ្យពិនិត្យមើលឡើងវិញនូវមុខងារ និងលិខិតបទដ្ឋានគតិយុត្តិនានា កម្មវិធីការងារ ផែនការ សកម្មភាព ផែនការបុគ្គលិក ថវិកាតាមកម្មវិធី ដែលបាននិងកំពុងអនុវត្តន៍។ ឯកឧត្ដមរដ្ឋលេខាធិការបានលើកឡើងបន្ថែមថា ការកែទម្រង់រដ្ឋបាលសាធារណៈនេះគឺដើម្បីធ្វើឱ្យមានសង្គតិភាពនៃការតាក់តែងលិខិតបទដ្ឋានគតិយុត្ត ការរៀបចំ និងការដាក់ឱ្យអនុវត្តន៍ឧបករណ៍ការងារគតិយុត្ត លើកកម្ពស់ការយល់ដឹង និងលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងផ្តល់ដំណោះស្រាយយុត្តិធម៌ ឬសមធម៌ ចំពោះវិវាទ ឬការតវ៉ានានាពាក់ព័ន្ធនឹងដែនសមត្ថកិច្ចក្នុងក្របខ័ណ្ឌរបស់ក្រសួងព័ត៌មានដែលជាកិច្ចការអាទិភាព៕

ប្រភព៖​ AKP