តម្លៃ​ម្ហូប​អាហារ​នៅ​ឥណ្ឌូណេស៊ីត្រូវបាន​ព្យាករណ៍​ថា​នឹង​នៅ​តែ​ខ្ពស់​រហូត​ដល់​ចុង​ឆ្នាំ

0

បរទេស៖ ទីភ្នាក់ងារស្បៀងអាហារជាតិ (Bapanas) របស់ប្រទេសឥណ្ឌូណេស៊ី បាននិយាយថា តម្លៃម្ហូបអាហារត្រូវបានគេរំពឹងថានឹងនៅតែខ្ពស់សម្រាប់រយៈពេលដែលនៅសល់នៃឆ្នាំនេះ ដោយសារតែបាតុភូតអាកាសធាតុអ៊ែលនីណូ ដែលប៉ះពាល់ដល់ផលិតកម្មនៅក្នុងប្រទេសឥណ្ឌូណេស៊ី និងប្រទេសដទៃទៀត។

ប្រធានទីភ្នាក់ងារ Bapanas លោក អារីហ្វ ប្រាសេតយ៉ូ អាឌី បាននិយាយថា រដ្ឋាភិបាលឥណ្ឌូណេស៊ីនឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីគ្រប់គ្រងតម្លៃម្ហូបអាហារ រួមទាំងធានាឱ្យបាននូវការនាំចូលបន្ថែមទៀតនូវទំនិញប្រឈមពិសេសចំនួនបី គឺអង្ករ ពោត និងស្ករ។

លោកបានកត់សម្គាល់ថា រដ្ឋាភិបាលបានចាត់ឱ្យទីភ្នាក់ងារភស្តុភាររដ្ឋ (Bulog) នាំចូលអង្ករចំនួន ៣,៥លានតោនក្នុងឆ្នាំនេះ ដើម្បីបង្កើនស្តុករបស់រដ្ឋាភិបាល និងបានយល់ព្រមលើកលែងពន្ធនាំចូលរហូតដល់ ៤៥០រូពៀ (០,០២៩ដុល្លារអាម៉េរិក) ក្នុងមួយគីឡូក្រាមសម្រាប់បរិមាណនៃអង្ករនាំចូលនេះ។

លោក​បាននិយាយបន្ត​ថា កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ផ្សេង​ទៀត​ក្នុង​ការ​ជំរុញ​ផលិតកម្ម​ក៏​កំពុង​ដំណើរការផង​ដែរ ដែលរួម​មាន​ផែនការ​ពន្លឿន​ការ​ដាំ​ដុះ​ស្រូវ និង​បង្កើន​ការ​ផ្គត់ផ្គង់​ជីជាដើម។

យោងតាមការិយាល័យស្ថិតិឥណ្ឌូណេស៊ី (BPS) បានឱ្យដឹងថា ផលិតកម្មស្រូវរបស់ប្រទេសឥណ្ឌូណេស៊ីត្រូវបានគេរំពឹងថានឹងថយចុះចំនួន ៦៥០.០០០តោននៅក្នុងឆ្នាំនេះ ដោយមានត្រឹម ៣០,៩លានតោន។ ទិន្នន័យរបស់ការិយាល័យ BPS នៅដើមខែវិច្ឆិកាក៏បានបង្ហាញផងដែរថា អង្ករ គឺជាមូលហេតុចម្បងនៃអតិផរណាខ្ពស់ក្នុងខែតុលា ដែលមានរហូតដល់ ២,៥៦% ពីចំនួន ២,២៨% កាលពីមួយខែមុន។

លោក អារីហ្វ បាន​និយាយ​ថា ដើម្បី​រក្សា​ស្ថិរភាព​តម្លៃ​ពោត រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​នឹង​នាំ​ចូល​ពោតចំនួន ៥០០.០០០​តោន ដោយលោកបាននិយាយ​បន្ថែម​ថា ពាក់​កណ្តាល​នៃ​ចំនួននាំចូល​នេះ ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ត្រូវ​ដឹក​ជញ្ជូននៅ​មុន​ដំណាច់​ឆ្នាំ​នេះ។

លោក អារីហ្វ បាននិយាយថា បើគ្មានការអន្តរាគមន៍ក្នុងការផ្គត់ផ្គង់ក្នុងស្រុកទេ តម្លៃអាហារផ្សេងទៀតដូចជាស៊ុត និងសាច់មាន់ក៏នឹងកើនឡើងផងដែរ ដោយសារតែតម្រូវការខ្ពស់ ចំពេលដែលទិន្នផលមានការធ្លាក់ចុះ៕

ប្រភព៖ AKP