រោងចក្រថាមពលពន្លឺព្រះអាទិត្យអណ្តែតទឹកធំជាងគេទី៣ របស់ពិភពលោកត្រូវបានសម្ពោធនៅឥណ្ឌូណេស៊ី

0

បរទេស៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានចូលរួមពិធីមួយកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ដើម្បីសម្ពោធរោងចក្រថាមពលពន្លឺព្រះអាទិត្យអណ្តែទឹកកម្លាំង ១៩២មេហ្គាវ៉ាត់ (MWp) ដែលជារោងចក្រថាមពលពន្លឺព្រះអាទិត្យធំបំផុតនៅអាស៊ីអាគ្នេយ៍ និងធំជាងគេលំដាប់ទី៣ នៅក្នុងពិភពលោក ដែលត្រូវបានសាងសង់នៅលើអាងស្តុកទឹកក្នុងខេត្តកោះជ្វាខាងលិច។

ថ្លែងក្នុងពិធីនោះ លោកបាននិយាយថា រោងចក្រតេរ៉ាពុង ស៊ីរ៉ាតា គឺជាសុបិនដ៏អស្ចារ្យរបស់ប្រទេសឥណ្ឌូណេស៊ីក្នុងការសាងសង់រោងចក្រថាមពលកកើតឡើងវិញទ្រង់ទ្រាយធំ ដើម្បីផ្តល់ប្រភពអគ្គិសនីស្អាតសម្រាប់ប្រទេស។

សមត្ថភាពរបស់រោងចក្រនេះត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៥០០មេហ្គាវ៉ាត់ និងអាចឈានដល់កម្រិងអតិបរមា ១.០០០មេហ្គាវ៉ាត់ នាពេលអនាគត។

មេដឹកនាំរូបនោះបានសម្តែងក្តីសង្ឃឹមថា រោងចក្រនោះនឹងជួយលើកទឹកចិត្តដល់ក្រុមហ៊ុនធុរកិច្ចផ្សេងទៀតដើម្បីវិនិយោគក្នុងការអភិវឌ្ឍថាមពលកកើតឡើងវិញ និងថាមពលថ្មីនៅក្នុងប្រទេសឥណ្ឌូណេស៊ី។

លោកបានបញ្ជាក់ថា គម្រោងដូចជារោងចក្រតេរ៉ាពុង ស៊ីរ៉ាតា នឹងជួយបង្កើនសមាមាត្រនៃថាមពលថ្មី និងកើតឡើងវិញនៅក្នុងរចនាសម្ព័ន្ធថាមពលជាតិដល់ ២៣% នៅត្រឹមឆ្នាំ២០២៥៕

ប្រភព៖ AKP