បរទេស៖ កាលពីពេលថ្មីៗនេះ គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស (AICHR) បានបើកកិច្ចសន្ទនាសិទ្ធិមនុស្សអាស៊ានលើកទី៥ នៅទីក្រុងហ្សាការតានៃប្រទេសឥណ្ឌូនេស៊ី ក្នុងរយៈពេលពីរខែបន្ទាប់ពីការអនុម័តសេចក្តីប្រកាសរបស់មេដឹកនាំអាស៊ាន ស្តីពីកិច្ចសន្ទនាសិទ្ធិមនុស្សអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣។
ព្រឹត្តិការណ៍នោះបានទាក់ទាញការចូលរួមពីតំណាងរដ្ឋជាសមាជិកអាស៊ាន (AMS) គណៈកម្មការ AICHR គណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន និងស្ថាប័នសិទ្ធិមនុស្សជាតិ (NHRIs) មួយចំនួនមកពី AMS ព្រមទាំងបានអញ្ជើញភាគីពាក់ព័ន្ធនានា រួមទាំងអង្គការសង្គមស៊ីវិល (CSOs) ដែលមានទំនាក់ទំនងនឹងកិច្ចពិគ្រោះយោបល់ជាមួយគណៈកម្មការ AICHR និងលេខាធិការដ្ឋានអាស៊ានផងដែរ។
ថ្លែងមតិក្នុងសម័យបើកកិច្ចសន្ទនានោះ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោកស្រី រេតណូ ម៉ាស៊ូឌី បានគូសបញ្ជាក់ថា កិច្ចសន្ទនាសិទ្ធិមនុស្សអាស៊ានបានចុះហត្ថលេខាលើឯកសារដ៏សំខាន់មួយនៅក្នុងអាស៊ានស្តីពីក្របខ័ណ្ឌសិទ្ធិមនុស្ស។ ការកោះប្រជុំនៃកិច្ចសន្ទនានេះបានកត់សម្គាល់នូវការអភិវឌ្ឍដ៏សំខាន់មួយក្នុងការជំរុញវប្បធម៌នៃការបើកចំហរ ដើម្បីបង្កើតការយល់ដឹងកាន់តែស៊ីជម្រៅអំពីបញ្ហាសិទ្ធិមនុស្ស និងបញ្ហាប្រឈមនានានៅក្នុងតំបន់អាស៊ាន និងលើកកម្ពស់ការរួមបញ្ចូលដោយធានាឱ្យមានការចូលរួមពីភាគីពាក់ព័ន្ធផ្សេងៗ។
លើសពីនេះទៀត កិច្ចសន្ទនាអំពីសិទ្ធិមនុស្សជួយជាស្ពានតភ្ជាប់ភាពខុសគ្នា កសាងការយល់ដឹង និងបង្កើតផ្លូវមួយឆ្ពោះទៅរកការផ្លាស់ប្តូរដ៏មានអត្ថន័យ។
អ្នកចូលរួមក្នុងកិច្ចសន្ទនានោះ បានផ្លាស់ប្តូរការអនុវត្តល្អបំផុតក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស ព្រមទាំងមធ្យោបាយដើម្បីជំនះបញ្ហាប្រឈមនានា ដើម្បីអនុវត្តសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន (AHRD)។
ពួកគេក៏បានចែករំលែកបទពិសោធន៍គ្នាផងដែរទៅលើការចូលជាសមាជិក និងការអនុវត្តអនុសញ្ញាសិទ្ធិមនុស្សអន្តរជាតិដោយ AMS ដែលរួមមានទាំងតម្រូវការនៃការរាយការណ៍ និងការតាមដានទៅលើអនុសាសន៍ ក៏ដូចជាការចូលរួមរបស់ពួកគេនៅក្នុងដំណើរការត្រួតពិនិត្យជាសកលតាមកាលកំណត់។
កិច្ចសន្ទនានោះក៏មានកិច្ចពិភាក្សាទៅលើប្រធានបទមួយចំនួន ស្តីពីបញ្ហាសេរីភាពសាសនា និងជំនឿ ការការពារអ្នកសារព័ត៌មាន សិទ្ធិពលករចំណាកស្រុក សិទ្ធិស្ត្រី កុមារ និងជនពិការ តុល្យភាពយេនឌ័រ និងសមភាព អាជីវកម្ម និងសិទ្ធិមនុស្ស ការកាត់ទោសប្រហារជីវិត បរិស្ថាន និងការប្រែប្រួលអាកាសធាតុ អំពើហិង្សាផ្លូវភេទតាមប្រព័ន្ធអ៊ីនធើណេតចំពោះកុមារ ការផ្សាយព័ត៌មានមិនពិត និងក្លែងក្លាយ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
នៅក្នុងឱកាសរំលឹកខួបលើកទី១១ នៃសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ និងខួបលើកទី៧៥ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស (UDHR) នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ អ្នកចូលរួមទាំងអស់បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សនៅក្នុងតំបន់ស្របតាមសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន និងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស៕
ប្រភព៖ AKP