បរទេស៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ លោកឧត្តមសេនីយ៍ វិល័យ ឡាខាំងហ្វុង បានប្រកាសថា ប្រទេសរបស់លោកនឹងបន្តអនុវត្តកម្មវិធីជាតិស្តីពីការទប់ស្កាត់ និងត្រួតពិនិត្យគ្រឿងញៀនរហូតដល់ឆ្នាំ២០២៥ ក្នុងបរិបទនៃស្ថានការណ៍ជួញដូរគ្រឿងញៀនដ៏ស្មុគស្មាញនៅតាមតំបន់ព្រំដែន។
នាយឧត្តមសេនីយ៍ វិល័យ ឡាខាំងហ្វុង បាននិយាយថា ចាប់តាំងពីខែសីហា ឆ្នាំ២០២១មក អាជ្ញាធរឡាវបានបង្រ្កាបករណីពាក់ព័ន្ធគ្រឿងញៀនចំនួន ១០.៨៤៣ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ១៥.៩៦៦នាក់ ដោយក្នុងនោះមានជនបរទេសចំនួន ៣២៤នាក់ និងរឹបអូសបានមេតំហ្វេតាមីន និងសារធាតុញៀនជាច្រើនប្រភេទមួយចំនួនធំ។
លោកបានវាយតម្លៃថា លទ្ធផលបានមកពីកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងសន្តិសុខសាធារណៈក្នុងការផ្សព្វផ្សាយអំពីគ្រោះថ្នាក់នៃគ្រឿងញៀន ការផ្សព្វផ្សាយ និងវិសោធនកម្មច្បាប់ និងឯកសារច្បាប់ លើកកម្ពស់នៃប្រសិទ្ធភាពការគ្រប់គ្រង កំណត់ទិសដៅ និងការអនុវត្តបទប្បញ្ញត្តិប្រឆាំងគ្រឿងញៀន និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិ និងបណ្តាប្រទេសក្នុងតំបន់ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន។
យោងតាមមន្ត្រីរូបនោះបានឱ្យដឹងថា រដ្ឋាភិបាលឡាវបានចាត់ទុកការប្រយុទ្ធប្រឆាំងគ្រឿងញៀនជាសមរភូមិដ៏លំបាក និងយូរអង្វែង និងជាកិច្ចការបន្ទាន់បំផុតនាពេលបច្ចុប្បន្ន។
នៅក្នុងឆ្នាំ២០២១ ដោយប្រឈមមុខនឹងស្ថានការណ៍កាន់តែស្មុគស្មាញនៃការជួញដូរគ្រឿងញៀន និងការដឹកជញ្ជូនខុសច្បាប់ រដ្ឋសភាឡាវបានអនុម័តកម្មវិធីជាតិទប់ស្កាត់គ្រឿងញៀនរយៈពេលពីឆ្នាំ២០២១-២០២៣ ដែលត្រូវបានអនុវត្តចាប់ពីខែសីហា ឆ្នាំ២០២១ មក៕
ប្រភព៖ AKP