បរទេស៖ សារព័ត៌មានអ៊ូហ្គង់ដាបានឱ្យដឹងថា ប្រទេសកូរ៉េខាងជើងគ្រោងនឹងបិទស្ថានទូតរបស់ខ្លួននៅក្នុងប្រទេសអ៊ូហ្គង់ដា ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការនៃអង្គការនៅក្រៅប្រទេសរបស់ប្រទេសនេះ។
សារព័ត៌មានអ៊ូហ្គង់ដា និងសារព័ត៌មាន The Independent បានរាយការណ៍ថាឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំប្រទេសអ៊ូហ្គង់ដា លោក ជុង តុងហាក់ បានប្រកាសអំពីផែនការនេះ ក្នុងអំឡុងពេលជួបសម្តែងការគួរសមជាមួយប្រធានាធិបតីនៃប្រទេសអ៊ូហ្គង់ដា លោក យ៉ូវេរី កាហ្គូតា មូសេវេនី។
ការរាយការណ៍នោះបាននិយាយថា លោក ជុង «បានជូនដំណឹងដល់លោកប្រធានាធិបតីថា ប្រទេសកូរ៉េខាងជើងបានចាត់វិធានការជាយុទ្ធសាស្ត្រមួយ ដើម្បីកាត់បន្ថយចំនួនស្ថានទូតនៅទ្វីបអាហ្រ្វិក ដោយរួមបញ្ចូលទាំងប្រទេសអ៊ូហ្គង់ដាផងដែរ ដើម្បីបង្កើនប្រសិទ្ធភាពនៃស្ថាប័នខាងក្រៅរបស់ប្រទេសកូរ៉េខាងជើង»។ ស្ថានទូតកូរ៉េខាងជើងប្រចាំនៅអេក្វាទ័រហ្គីណេ នឹងទទួលបន្ទុកកិច្ចការងារការទូតរបស់ប្រទេសកូរ៉េខាងជើងជាមួយប្រទេសអ៊ូហ្គង់ដា។
មូលហេតុពិតប្រាកដនៅពីក្រោយការបិទស្ថានទូតកូរ៉េខាងជើងនៅក្នុងប្រទេសអ៊ូហ្គង់ដាមិនត្រូវបានគេដឹងឡើយ ប៉ុន្តែវាអាចទាក់ទងទៅនឹងការលំបាកផ្នែកសេដ្ឋកិច្ចដែលបង្កឡើងដោយការដាក់ទណ្ឌកម្មជាសកលដែលបានអូសបន្លាយពេល ដោយសារកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។
ក្នុងឆ្នាំ២០១៦ កូរ៉េខាងជើងបានដកមន្ត្រីយោធារបស់ខ្លួនចេញពីប្រទេសអ៊ូហ្គង់ដា បន្ទាប់ពីប្រធានាធិបតីអ៊ូហ្គង់ដា លោក យ៉ូវេរី មូសេវេនី បានសន្យាថានឹងកាត់ផ្តាច់ទំនាក់ទំនងយោធាទាំងអស់ជាមួយកូរ៉េខាងជើង នៅក្នុងសេចក្តីប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលមួយក្នុងអំឡុងពេលជំនួបកំពូលជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក ហ្គុនយេ។
លោក មូសេវេនី បានទៅបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាងចំនួន ៣ដង និងបានជួបជាមួយស្ថាបនិកកូរ៉េខាងជើង លោក គីម អ៊ីលសុង ដែលជាជីតារបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។ ប្រទេសកូរ៉េខាងជើង និងអ៊ូហ្គង់ដា បានបង្កើតទំនាក់ទំនងការទូតនៅក្នុងឆ្នាំ១៩៦៣ ប៉ុន្តែពួកគេបានបង្កើតវាឡើងវិញនៅក្នុងខែកក្កដា ឆ្នាំ១៩៧២ ក្នុងរយៈពេល ៨ឆ្នាំបន្ទាប់ពីការកាត់ផ្តាច់ទំនាក់ទំនងកាលពីឆ្នាំ១៩៦៤ ដោយមិនដឹងមូលហេតុ។
ទីក្រុងព្យុងយ៉ាង បាននិងកំពុងពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសអ៊ូហ្គង់ដា និងប្រទេសផ្សេងទៀតនៅអាហ្រ្វិក ខណៈដែលប្រទេសនេះប្រឈមនឹងភាពឯកាខាងការទូត ក្រោមការដាក់ទណ្ឌកម្មជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ទំនាក់ទំនងជិតស្និទ្ធរបស់កូរ៉េខាងជើងជាមួយបណ្តាប្រទេសមួយចំនួននៅអាហ្រ្វិក មានតាំងពីសម័យលោក គីម អ៊ីលស៊ុង មកម្លេះ ដែលសកម្មភាពក្នុងការបង្កើតទំនាក់ទំនងមិត្តភាពជាមួយប្រជាជាតិនៅអាហ្វ្រិកនោះ ចំពេលដែលមានចលនាមិនចូលបក្សសម្ព័ន្ធប្រឆាំងនឹងចក្រពត្តិនិយមនៅចុងសតវត្សទី២០៕
ប្រភព៖ AKP