រដ្ឋមន្ត្រី​ការបរទេស​ចិន​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក

0

បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង បាននិយាយកាលពីថ្ងៃអង្គារថា លោក វ៉ាង យី សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន នឹងធ្វើទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា តាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អានតូនី ប្ល៊ីងខេន។

លោកស្រី ម៉ៅ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា លោក វ៉ាង នឹងមានការផ្លាស់ប្តូរទស្សនៈយ៉ាងស៊ីជម្រៅជាមួយមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកទៅលើទំនាក់ទំនងទ្វេភាគី បញ្ហាអន្តរជាតិ និងតំបន់ដែលកំពុងមានការព្រួយបារម្ភរួមគ្នា និងមានការផ្លាស់ប្តូរមិត្តភាពជាមួយប្រជាជនមកពីគ្រប់មជ្ឈដ្ឋានក្នុងសហរដ្ឋអាមេរិក ដោយបង្ហាញជំហរជាគោលការណ៍របស់ប្រទេសចិន និងកង្វល់ស្របច្បាប់នៅក្នុងទំនាក់ទំនងរវាងប្រទេសចិន-សហរដ្ឋអាមេរិកក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកនោះ។

លោកស្រី ម៉ៅ បាននិយាយបន្ថែមថា គេសង្ឃឹមថា ភាគីសហរដ្ឋអាមេរិកនឹងធ្វើការងារជាមួយប្រទេសចិន ដើម្បីអនុវត្តការឯកភាពដ៏សំខាន់ដែលប្រមុខរដ្ឋទាំងពីរសម្រេចបាន ពង្រឹងទំនាក់ទំនង និងកិច្ចសន្ទនា ពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង គ្រប់គ្រងភាពខុសគ្នាឱ្យបានត្រឹមត្រូវ ​និងនាំ​ទំនាក់ទំនង​ទ្វេភាគី​ទៅលើ​ផ្លូវ​ដ៏​រឹងមាំឡើងវិញ​ និងការអភិវឌ្ឍប្រកបដោយស្ថិរភាព៕

ប្រភព៖ AKP