សហភាពអឺរ៉ុបមិនគួរបង្កើតអាវុធ និងហ្វឹកហ្វឺនទាហាននៅអ៊ុយក្រែនទេ

0

បរទេស៖ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក ភីទ័រ ហ្ស៊ីជចាតូ បាននិយាយបន្ទាប់ពីកិច្ចប្រជុំមួយជាមួយសមភាគីសហភាពអឺរ៉ុប (EU) របស់លោកនៅក្នុងប្រទេសលុចសំបួថា ប្រទេសហុងគ្រីមិនគាំទ្រគំនិតដែលសហភាពអឺរ៉ុបចូលរួមក្នុងការផលិតអាវុធ និងការហ្វឹកហ្វឺនទាហានក្នុងប្រទេសអ៊ុយក្រែននោះទេ ព្រោះវាមានន័យថា ប្រទេសជាសមាជិកនៃប្លុកនេះកំពុងត្រូវបានទាក់ទាញទៅក្នុងប្រតិបត្តិការយោធាប្រឆាំងនឹងប្រទេសរុស្ស៊ី។

លោករដ្ឋមន្ត្រីបានប្រាប់អ្នកសារព័ត៌មានហុងគ្រីនៅក្នុងសុន្ទរកថាតាមទូរទស្សន៍របស់លោកថា «ការផលិតអាវុធ ឬការហ្វឹកហ្វឺនទាហាននៅលើទឹកដីអ៊ុយក្រែនក្នុងតំបន់ប្រយុទ្ធ គឺពិតជាមិនអាចទទួលយកបានទេសម្រាប់ពួកយើង ពីព្រោះសេចក្តីសម្រេចចិត្តបែបនេះនឹងធ្វើឱ្យសហភាពអឺរ៉ុបធ្លាក់ទៅក្នុងសង្រ្គាមភ្លាមៗ»។

លោក​បាន​ទទូច​ថា សហភាព​អឺរ៉ុប​ជា​ប្លុក​នយោបាយ និង​សេដ្ឋកិច្ច មិនមែន​ជា​សម្ព័ន្ធមិត្ត​យោធា​ទេ។

លោក ហ្ស៊ីជចាតូ ក៏បាននិយាយផងដែរថា ប្រទេសហុងគ្រីនឹងមិនអនុញ្ញាតឱ្យមានការដាក់សម្ពាធណាមួយមកលើប្រទេសនេះឡើយ ខណៈដែលវាជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីពន្លឿនដំណើរការនៃការចូលជាសមាជិកសហភាពអឺរ៉ុបរបស់ប្រទេសអ៊ុយក្រែន។

លោក ហ្ស៊ីជចាតូ បាននិយាយថា «សហភាពអឺរ៉ុបមិនមែនជាអង្គការសន្តិសុខទេ វាជាសមាហរណកម្មនយោបាយ និងសេដ្ឋកិច្ច ដូច្នេះវាមិនអាចទទួលយកបានទាំងស្រុងទេសម្រាប់ពួកយើងក្នុងការបង្ហាញពីភាពត្រឹមត្រូវនៃសមាជិកភាពនាពេលអនាគតរបស់ប្រទេសតែមួយដោយការពិចារណាទៅលើផ្នែកសន្តិសុខ»៕

ប្រភព៖ AKP