បរទេស៖ កងទ័ពកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃចន្ទថា យោធាកូរ៉េខាងត្បូងនឹងបង្កើនសមត្ថភាពការពាររបស់ខ្លួនប្រឆាំងនឹងការវិវត្តនៃការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង និងយុទ្ធសាស្ត្រសង្គ្រាម។
នៅក្នុងរបាយការណ៍គោលនយោបាយសម្រាប់សវនកម្មសភា កងទ័ពកូរ៉េខាងត្បូងបានគូសបញ្ជាក់អំពីផែនការរបស់ខ្លួនក្នុងការពង្រឹងប្រព័ន្ធអ័ក្សបី ដែលត្រូវបានរចនាឡើងដើម្បីតាមដាន ចាប់ និងវាយប្រហារគ្រាប់មីស៊ីល និងប្រព័ន្ធកាំភ្លើងធំរបស់កូរ៉េខាងជើង ចំពេលដែលមានការព្រួយបារម្ភអំពីផ្នែកសន្តិសុខសារជាថ្មីទៅលើសមត្ថភាពការពាររបស់ទីក្រុងសេអ៊ូល បន្ទាប់ពីមានជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់។
លោក ផាក ជុងវ៉ាន់ អគ្គសេនាធិការកងទ័ព បាននិយាយនៅក្នុងសម័យប្រជុំមួយដែលបានធ្វើឡើងនៅទីស្នាក់ការកណ្តាលយោធាក្នុងទីក្រុងយ័រយ៉ុង ដែលចម្ងាយ ១៤០គីឡូម៉ែត្រខាងត្បូងទីក្រុងសេអ៊ូលថា «សមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីលដែលប្រសើរឡើងរបស់កូរ៉េខាងជើង និងការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាស់ទៅលើអ៊ីស្រាអែល បានរំឭកយើងថា កូរ៉េខាងជើងអាចបង្ករឿងដូចគ្នានេះនៅពេលណាមួយ»។
ទីក្រុងព្យុងយ៉ាងបានធ្វើការសាកល្បងកាំជ្រួចមីស៊ីលផ្លោងដ៏ញឹកញាប់ចាប់តាំងពីឆ្នាំមុនមក រួមទាំងការបាញ់សាកល្បងគ្រាប់មីស៊ីលអន្តរទ្វីបកាលពីក្នុងខែមេសា និងខែកក្កដាផងដែរ។ ការបាញ់សាល្បងនោះក៏បានធ្វើឱ្យមានការបរាជ័យចំនួន ២ដងដែរ ក្នុងការព្យាយាមបង្ហោះផ្កាយរណបចារកម្មយោធាចូលទៅក្នុងគន្លងអាកាសកាលពីដើមឆ្នាំនេះ។
កាលពីខែមីនា គណៈកម្មាធិការលើកកម្ពស់គម្រោងការពារជាតិបានអនុម័តផែនការដែលមានតម្លៃ ៣,៧៥ទ្រីលានវ៉ុន (២,៨២ប៊ីលានដុល្លារអាម៉េរិក) ដើម្បីទិញយន្តហោះប្រភេទអេហ្វ-៣៥អេ រហូតដល់ឆ្នាំ២០២៨។ កងទ័ពអាកាសកូរ៉េខាងត្បូងបច្ចុប្បន្ន រក្សាបានយន្តហោះប្រភេទអេហ្វ-៣៥អេ ចំនួន ៤០គ្រឿង ដែលផលិតដោយក្រុមហ៊ុនការពារជាតិអាម៉េរិកឡុកហ៊ីត ម៉ាទីន៕
ប្រភព៖ AKP