ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សំណូមពរឱ្យអូស្ត្រាលីពិនិត្យលទ្ធភាព ដើម្បីវិនិយោគលើសេវាដឹកជញ្ជូនសាធារណៈនៅរាជធានីភ្នំពេញ ខណៈដែលកំណើន ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញចេះតែកើនឡើង ហើយប្រឈមនឹងការកក ស្ទះចរាចរណ៍។
ការសំណូមពរបែបនេះរបស់ ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងក្នុងជំនួប ពិភាក្សាការងារជាមួយ ឯកឧត្ដម ចាស្ទីន វ៉ាយអេត (Justin Whyatt) ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា រាជធានីភ្នំពេញ បានឆ្លងកាត់នូវ សង្គ្រាមយ៉ាងច្រើន ពិសេសនៅក្នុងរបបប៉ុលពត កម្ពុជាបានធ្លាក់ដល់ចំណុចសូន្យ។ តែក្រោយឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ក្រៅពីរំដោះប្រទេស ពីរបបប៉ុល ពតហើយនោះ នូវបានអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានភាពរីកចម្រើនថែមទៀត ដែលគិតមកពេលនេះ រាជធានីភ្នំពេញ មានប្រជាពលរដ្ឋស្នាក់នៅ និងចេញចូលរកស៊ី ប្រមាណជា៣លាននាក់ មានរថយន្តប្រមាណ៧៥ម៉ឺនគ្រឿង និងម៉ូតូជាង២លាន២សែនគ្រឿង ពោលគឺចំនួនមនុស្ស និងយានយន្តសឹងតែស្មើគ្នាទៅហើយ កត្តានេះហើយដែល ធ្វើឱ្យរាជធានីភ្នំពេញ ប្រឈមទៅនឹងការកកស្ទះចរាចរណ៍រាល់ថ្ងៃ។ ប៉ុន្តែ ទោះបីជា យ៉ាងណាក្តី អាជ្ញាធរធានីភ្នំពេញបានប្រឹងប្រែងដោះស្រាយជាបន្តបន្ទាប់ ដោយបានកសាង ស្ពានអាកាស និងស្ពានឆ្លងទន្លេជាដើម។
ឯកឧត្ដមបន្តថា ជាក់ស្តែង ម្សិលមិញនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកឱ្យ ដំណើរ ការស្ពានឆ្លងកាត់ទន្លេកោះពេជ្រ-កោះនរា ឱ្យធ្វើចរាចរណ៍ផ្លូវទាំងសងខាង ដែលវា អាចដោះ ស្រាយចរាចរណ៍បានមួយកម្រិត។ ប៉ុន្តែ អាជ្ញាធររាជធានីភ្នំពេញ នៅតែគិតគូរ ពីបញ្ហាការ ប្រឈមទាំងនេះដដែល។ ឯកឧត្តមសំណូមពរ ឱ្យអ្នកមាននិយោគ ទុនរបស់ អូស្រ្តាលីពិនិត្យលទ្ធភាព ដើម្បីវិនិយោគទៅលើការដឹកជញ្ជូនសាធារណៈនៅ រាជធានីភ្នំពេញ។
ឯកឧត្ដម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ក្រៅពីប្រឈមនឹងបញ្ហាចរាចរណ៍ រាជធានភ្នំពេញ ក៏មានបញ្ហាប្រឈម នោះគឺបញ្ហាប្រព័ន្ធលូប្រឡាយ ដែលបញ្ហានេះ សម្ដេចបវរធិបតីហ៊ុន ម៉ាណែត យកចិត្តទុកដាក់ណាស់ ដោយធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញ លែងលិចលង់ ក្នុងរយៈពេល៤ឆ្នាំទៀត។
ឯកឧត្ដម ចាស្ទីន វ៉ាយអេត (Justin Whyatt) បានមានប្រសាសន៍ថា កាលពីឆ្នាំ២០០១ លោកបានមកបំពេញការងារនៅភ្នំពេញ តែ២០ឆ្នាំចុងក្រោយនេះ ពេលលោកមកដល់ ភ្នំពេញម្តងទៀតឃើញថា ភ្នំពេញពិតជាមានការអភិវឌ្ឍរីកចម្រើនលឿនខ្លាំង នេះគឺជាជោគ ជ័យមួយរបស់រាជធានីភ្នំពេញ ដែលធ្វើឱ្យប្រជាពលរដ្ឋនៅតាមខេត្តសម្រុកចូល មករកស៊ី នៅរាជធានីភ្នំពេញ ដែលធ្វើឱ្យប្រឈមទៅនឹងការកកស្ទះចរាចរណ៍ និងបញ្ហាទឹកស្អាត ផងដែរ។
ឯកឧត្ដមបានបញ្ជាក់ថា ការមកជំនួបពិភាក្សាការងារនាពេលនេះ គឺមានបំណងចង់ ស្ដាប់ពីបញ្ហាប្រឈមនានារបស់រដ្ឋបាលរាជធានីភ្នំពេញ និងការដោះស្រាយបញ្ហា ប្រឈមទាំងនោះ។
ឯកឧត្ដម ចាស្ទីន វ៉ាយអេត បានបន្តទៀតថា ទំនាក់ទំនងរវាងកម្ពុជា និងអូស្ត្រាលី បានស្វែងរកសេដ្ឋកិច្ចជាច្រើន ពិសេសលើវិស័យកសិកម្ម ដោយបានកៀរគរអ្នកវិនិយោគ អូស្ត្រាលីមកវិនិយោគលើវិស័យនេះជាច្រើន។ ទំនាក់ទំនង រវាងកម្ពុជានិងអូស្ត្រាលី ទទួលបានផ្លែផ្កាកាន់តែល្អ ទាំងខាងសេដ្ឋកិច្ច កសិកម្ម នគរបាល ការពារជាតិ និងសន្តិសុខជាដើម៕
ប្រភព៖ AKP