បរទេស៖ រដ្ឋមន្រ្តីក្រសួងការបរទេសរបស់ឥណ្ឌា លោក សូរ៉ាបហ៍ គូម៉ារ បានជួបជាមួយអគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក រ៉ាហ្វាអ៊ែល ហ្រ្កូសស៊ី កាលពីថ្ងៃច័ន្ទ ហើយបានពិភាក្សាគ្នាអំពីបញ្ហាផ្សេងៗដែលមានផលប្រយោជន៍វិញទៅមក រួមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសឥណ្ឌា និងទីភ្នាក់ងារ IAEA។
មេដឹកនាំទាំងពីរក៏បានពិភាក្សាគ្នាផងដែរអំពីបញ្ហាអ៊ុយក្រែន តំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងតួនាទីរបស់ទីភ្នាក់ងារ IAEA ក្នុងការលើកកម្ពស់ការប្រើប្រាស់វិទ្យាសាស្រ្ត និងបច្ចេកវិទ្យានុយក្លេអ៊ែរដោយសន្តិវិធី ទៅលើវិស័យមួយចំនួន ដូចជាវិស័យថាមពល សុខភាព អាហារ និងកសិកម្ម។
នៅក្នុងការបង្ហោះក្នុងបណ្តាញសង្គមអ៊ិច អ្នកនាំពាក្យផ្លូវការរបស់ក្រសួងការបរទេសឥណ្ឌា លោក អារីនដាំ បាកជី បានសរសេរថា «លោករដ្ឋមន្រ្តីការបរទេស ស៊ូរ៉ាបហ៍ គូម៉ារ បានជួបជាមួយអគ្គនាយកទីភ្នាក់ងារ IAEA លោក រ៉ាហ្វាអ៊ែល ហ្រ្កូសស៊ី នៅក្នុងទីក្រុងញូវដេលី»។
លោកបាននិយាយបន្ថែមថា «ការពិភាក្សានោះបានគ្របដណ្តប់ទៅលើបញ្ហាផ្សេងៗនៃផលប្រយោជន៍ទៅវិញទៅមក រួមទាំងតួនាទីរបស់ទីភ្នាក់ងារ IAEA ក្នុងការលើកកម្ពស់ការប្រើប្រាស់ដោយសន្តិវិធីនៃវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានុយក្លេអ៊ែរក្នុងវិស័យមួយចំនួន ដូចជាវិស័យថាមពល សុខភាព អាហារ និងកសិកម្ម ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសឥណ្ឌា និងទីភ្នាក់ងារ IAEA និងការមិនរីកសាយភាយនុយក្លេអ៊ែរ ក៏ដូចជាការពិភាក្សាអំពីបញ្ហាក្នុងតំបន់ រួមទាំងបញ្ហាអ៊ុយក្រែន JCPOA និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកផងដែរ»។
អគ្គនាយកទីភ្នាក់ងារ IAEA បានទៅដល់ប្រទេសឥណ្ឌា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការកាលពីថ្ងៃចន្ទ។
លោក បាកជី បានសរសេរនៅលើបណ្តាញសង្គមអ៊ិចថា «សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះអគ្គនាយកទីភ្នាក់ងារ IAEA លោក រ៉ាហ្វាអ៊ែល ហ្រ្កូសស៊ី នៅពេលដែលលោកបំពេញដំណើរទស្សនកិច្ចជាលើកដំបូងទៅកាន់ប្រទេសឥណ្ឌាក្នុងឋានៈជាអគ្គនាយកទីភ្នាក់ងារ IAEA ។ ដំណើរទស្សនកិច្ចរបស់លោកនេះនឹងពង្រឹងទំនាក់ទំនងរវាងឥណ្ឌា-IAEA បន្ថែមទៀតលើវិស័យផ្សេងៗ»៕
ប្រភព៖ AKP