បរទេស៖ មន្ទីរបញ្ចកោណបាននិយាយថា សហរដ្ឋអាមេរិក នឹងបញ្ជូនប្រព័ន្ធមីស៊ីល THAAD មួយគ្រឿង និងប្រព័ន្ធមីស៊ីល Patriot បន្ថែមទៅកាន់តំបន់មជ្ឈិមបូព៌ា ជាការឆ្លើយតបទៅនឹងការវាយប្រហារថ្មីៗនេះ លើកងទ័ពអាមេរិក នៅក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។
សហរដ្ឋអាមេរិក បានបញ្ជូននាវាចម្បាំងជាច្រើនគ្រឿងរួចទៅហើយទៅកាន់តំបន់មជ្ឈិមបូព៌ា នាប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ក្នុងនោះរួមមានទាំងនាវាផ្ទុកយន្ដហោះចម្បាំង ២ គ្រឿង អមដំណើរដោយនាវាពិឃាត ជាច្រើនគ្រឿង និងទាហាម៉ារីននៅលើនោះជាង ២,០០០នាក់។
លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិ អាមេរិកបានបញ្ជាក់ថា “បន្ទាប់ពីមានការពិភាក្សាយ៉ាងល្អិតល្អន់ជាមួយលោក ចូ បៃដិន ប្រធានាធិបតី អាមេរិកស្ដីពីការកើនឡើងសកម្មភាពរបស់អ៊ីរ៉ង់ និងចលនាប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់ ក្នុងតំបន់ មជ្ឈិមបូព៌ា នៅថ្ងៃនេះ ខ្ញុំបានដាក់ចេញវិធានការបន្ថែមដើម្បីពង្រឹងការត្រៀមលក្ខណៈរបស់ក្រសួង ការពារជាតិអាមេរិកក្នុងតំបន់”។
លោកបន្តថា កងទ័ពអាមេរិកមួយចំនួនក៏ត្រូវបានបង្គាប់ឱ្យត្រៀមលក្ខណៈ សម្រាប់ការដាក់ពង្រាយផងដែរ ប៉ុន្តែមិនបានបញ្ជាក់ពីចំនួននោះទេ ស្របពេលមន្ទីរបញ្ចកោណ បានដាក់ ឱ្យកងទ័ពជាង ២,០០០ នាក់ដើម្បីត្រៀមខ្លួនសម្រាប់ការដាក់ពង្រាយទៅកាន់តំបន់មជ្ឈិមបូព៌ា៕
ប្រភព៖ ក្រសួងព័ត៌មាន