ទំនាក់ទំនងរវាងរុស្ស៊ី-កូរ៉េខាងជើងឈានដល់កម្រិតយុទ្ធសាស្ត្រ

0

បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែរហ្គេយ ឡាវរ៉ូវ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា បន្ទាប់ពីកិច្ចប្រជុំកាលពីក្នុងខែកញ្ញារវាងមេដឹកនាំរុស្ស៊ី និងកូរ៉េខាងជើង ទំនាក់ទំនងរវាងប្រទេសទាំងពីរបានឡើងដល់កម្រិតយុទ្ធសាស្ត្រថ្មីមួយប្រកបដោយគុណភាព។

លោក ឡាវរ៉ូវ ដែលកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសកូរ៉េខាងជើង បាននិយាយនៅពេលចាប់ផ្តើមកិច្ចពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោកស្រី ចូ សុនហ៊ុយ ថា «បន្ទាប់ពីជំនួបកំពូលរវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅកំពង់ផែវ៉ូស្តូចនី កាលពីថ្ងៃទី១៣ ខែកញ្ញា យើងអាចនិយាយដោយទំនុកចិត្តថា ទំនាក់ទំនងរបស់ប្រទេសទាំងពីរបានឈានដល់កម្រិតយុទ្ធសាស្ត្រថ្មីមួយប្រកបដោយគុណភាព»។

រដ្ឋមន្ត្រីរុស្ស៊ីបានរំលឹកថា កាលពី ៧៥ឆ្នាំមុន អតីតសហភាពសូវៀត គឺជាប្រទេសដំបូងគេដែលទទួលស្គាល់រដ្ឋវ័យក្មេងកូរ៉េខាងជើងបន្ទាប់ពីការរំដោះខ្លួនចេញពីអាណានិគមរបស់ជប៉ុន ហើយបន្ទាប់ពីនោះ អតីតសហភាពសូវៀតបានជួយដល់កូរ៉េខាងជើងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ វិទ្យាសាស្រ្ត វប្បធម៌ និងការអប់រំ។ លោក ឡាវរ៉ូវ បានសង្កត់ធ្ងន់ថា «យើងនឹងចងចាំជានិច្ចនូវការរួមចំណែកដែលមិនអាចកាត់ថ្លៃបានក្នុងការអភិវឌ្ឍទំនាក់ទំនងរបស់យើង ដែលត្រូវបានបង្កើតឡើងដោយសមមិត្ត គីម អ៊ីលជុង និងក្រោយមកដោយសមមិត្ត គីម ជុងអ៊ីល»។

អ្នកការទូតកំពូលកូរ៉េខាងជើងបានកត់សម្គាល់ថា «កិច្ចប្រជុំជាញឹកញាប់រវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ បានជួយពង្រឹងដល់ទំនាក់ទំនងមិត្តភាព និងជាភស្តុតាងដែលថាទំនាក់ទំនងទ្វេភាគីរវាងកូរ៉េខាងជើង-រុស្ស៊ីដែលមានប្រវត្តិមិត្តភាពយូរអង្វែងកំពុងបង្ហាញឱ្យឃើញនូវការ​អភិវឌ្ឍ​យ៉ាង​ស្វាហាប់ និងអភិវឌ្ឍ​យ៉ាង​ខ្លាំងក្លា»៕

ប្រភព៖ AKP