បរទេស៖ លោក ដូណាល់ ត្រាំ បានសន្យាថាប្រសិនបើជាប់ឆ្នោតជាប្រធានាធិបតីជាថ្មីម្ដងទៀត លោកនឹងហាមឃាត់ជនភៀសខ្លួនដែលគាំទ្រក្រុមហាម៉ាសចូលក្នុងសហរដ្ឋ អាមេរិក ព្រមទាំងបណ្ដេញជន ភៀសខ្លួនទាំងឡាយណាដែលបង្ហាញការគាំទ្រជាសាធារណៈដល់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។
លោក ដូណាល់ ត្រាំ ធ្វើការសន្យាបែបនេះអំឡុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតមួយ ក្នុងរដ្ឋ Iowa និងជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់ហាម៉ាស ដែលបានសម្លាប់ជនជាតិអ៊ីស្រាអែលជាង ១,៤០០នាក់ ខណៈការវាយ ប្រហារសងសឹករបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន ក្នុងតំបន់ហ្កាហ្សាជាង ២,៨០០នាក់។ លោក ត្រាំ ដែលធ្លាប់កាន់តំណែងជាប្រធានាធិបតីអាមេរិកពីឆ្នាំ ២០១៧ ដល់ឆ្នាំ២០២១ បាននិយាយថាប្រសិនបើលោកជាប់ ឆ្នោតជាលើកទី២ លោកនឹងហាម ឃាត់ អ្នកទាំងឡាយណាដែលមិនជឿថាអ៉ីស្រាអែលជាប្រទេស ចូល ក្នុងសហរដ្ឋអាមេរិក ហើយលុប ចោលទិដ្ឋាការរបស់និស្សិតបរទេសដែលមានគំនិតប្រឆាំងជនជាតិជ្វីហ្វ ។
គួរបញ្ជាក់ថា អំឡុងកាន់តំណែងជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏ធ្លាប់បានដាក់បម្រាមហាមឃាត់ប្រជាជនមកពីប្រទេសមានអ្នកកាន់សាសនាអ៉ីស្លាមមួយ ចំនួនចូលក្នុងសហរដ្ឋអាមេរិកផងដែរ៕
ប្រភព៖ ក្រសួងព័ត៌មាន