បរទេស៖ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានរាយការណ៍ថា កងយោធាអ៊ីស្រាអែលបានចាប់ផ្តើមធ្វើការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងទីតាំងរបស់ក្រុមចលនាប៉ាឡេស្ទីនរ៉ាឌីកាល់ហាម៉ាស់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។
សេចក្តីថ្លែងការណ៍នោះបាននិយាយថា «បច្ចុប្បន្ននេះ កងកម្លាំង IDF កំពុងធ្វើការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងទីតាំងភេរវករនៃអង្គការភេរវករហាម៉ាស់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប»។
កាលពីព្រឹកថ្ងៃសៅរ៍សប្តាហ៍មុន នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានទៅទស្សនកិច្ចតំបន់ជាប់ព្រំដែនហ្គាហ្សាស្រ្ទីប ហើយបានសួរទៅកងទាហានដែលឈរជើងនៅទីនោះថា តើពួកគេបានត្រៀមខ្លួនរួចរាល់ឬនៅសម្រាប់ «ដំណាក់កាលបន្ទាប់នៃប្រតិបត្តិការ»។
លោកនាយករដ្ឋមន្ត្រីរូបនោះបានសួរទៅកងយោធាដោយបានចាប់ដៃរបស់ពួកគេ ដូចដែលបានបង្ហាញនៅក្នុងវីដេអូមួយដែលចេញផ្សាយដោយការិយាល័យនាយករដ្ឋមន្ត្រីថា «តើអ្នកត្រៀមខ្លួនរួចហើយឬនៅសម្រាប់ដំណាក់កាលបន្ទាប់?»។
លោក ណេតាន់យ៉ាហ៊ូ បាននិយាយបន្ថែមដោយមិនបានបញ្ជាក់លម្អិតថា «ដំណាក់កាលបន្ទាប់នឹងមកដល់»។
កងយោធាអ៊ីស្រាអែលបានងក់ក្បាលនៅពេលសួរអំពីការត្រៀមខ្លួនរបស់ពួកគេសម្រាប់ដំណាក់កាលបន្ទាប់នៃប្រតិបត្តិការនៅតំបន់ហ្គាហ្សាស្ទ្រីប៕
ប្រភព៖ ក្រសួងព័ត៌មាន