បរទេស៖ របាយការណ៍របស់រដ្ឋាភិបាលសិង្ហបុរីបានបង្ហាញថា សេដ្ឋកិច្ចឌីជីថលរបស់ប្រទេសសិង្ហបុរីបានកើនឡើងដល់ប្រហែល ៧៧ ពាន់លានដុល្លារ ឬ ១៧,៣% នៃផលិតផលក្នុងស្រុកសរុប ហើយគួរតែបន្តជំរុញកំណើនសេដ្ឋកិច្ចក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។
របាយការណ៍ស្តីពីសេដ្ឋកិច្ចឌីជីថលដំបូង របស់សិង្ហបុរីដែលចេញផ្សាយរួមគ្នាដោយអាជ្ញាធរអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ Infocomm (IMDA) និងសាកលវិទ្យាល័យជាតិសិង្ហបុរីថា ការប្រើប្រាស់បច្ចេកវិទ្យា cloud computing និងបញ្ញាសិប្បនិម្មិតពីសំណាក់ក្រុមហ៊ុនអាជីវកម្មបានលេចធ្លោជាងគេក្នុងចំណោមការផ្លាស់ប្តូរឆ្ពោះទៅរកបច្ចេកវិទ្យាផ្សេងៗក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ។
របាយការណ៍ដដែលនេះបានបង្ហាញថា វិស័យបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍គឺជាវិស័យដែលរីកចម្រើនលឿនបំផុតរបស់ប្រទេសនេះ ទោះបីជាមានការកើនឡើងដែរងាកទៅរកឌីជីថលនីយកម្មដោយឧស្សាហកម្មផ្សេងទៀតក្ដី។
របាយការណ៍ដដែលនេះបានប៉ាន់ប្រមាណថា ទំហំសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសសិង្ហបុរីមានចំនួន ១០៦ ពាន់លានដុល្លារសិង្ហបុរី (៧៧,៥ពាន់លានដុល្លារអាមេរិក) គិតត្រឹមឆ្នាំ២០២២៕
ប្រភព៖ ក្រសួងព័ត៌មាន