បរទេស៖ លោក Ed Morse អ្នកវិភាគមកពីក្រុមហ៊ុន Citigroup Inc. បាននិយាយថា ផលប៉ះពាល់នៃជម្លោះនៅប្រទេសអ៊ីស្រាអែលលើទីផ្សារប្រេងនឹងមានរយៈពេលវែង ដោយលើកឡើងពីហានិភ័យដែលអារ៉ាប៊ីសាអូឌីតប្រហែលជាមិនបន្ធូរបន្ថយការកាត់បន្ថយផលិតកម្មរបស់ខ្លួន ដូចដែលមានការរំពឹងទុកមួយចំនួនទេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg។
លោក Morse ប្រធានផ្នែកស្រាវជ្រាវទំនិញសកលនៃក្រុមហ៊ុន Citi ត្រូវបានដកស្រង់សម្ដីខណៈថ្លែងនៅក្នុងបទសម្ភាសមួយជាមួយទូរទស្សន៍ Bloomberg TV ថា ឱកាស “កាន់តែតឹងរ៉ឹងជាងមុន” អាចកើតមានផងដែរចំពោះការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ង់។
អ៊ីរ៉ង់បានអបអរសាទរក្រុមហាម៉ាស់សម្រាប់ប្រតិបត្តិការរបស់ខ្លួន ខណៈបដិសេធការជាប់ពាក់ព័ន្ធនឹងការវាយប្រហារនេះ។ តម្លៃប្រេងបានកើនឡើងជិត ៤% បន្ទាប់ពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយលើប្រទេសអ៊ីស្រាអែល ដោយក្រុមហាម៉ាស់បាននាំមកនូវអស្ថិរភាពជាថ្មីដល់មជ្ឈិមបូព៌ា ដោយប្រេងប្រភេទ Brent ត្រូវបានជួញដូរក្នុងតម្លៃ ៨៧,៦៥ ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងប្រភេទ West Texas Intermediate ជួញដូរក្នុងតម្លៃ ៨៦,១៥ ដុល្លារក្នុងមួយបារ៉ែល៕
ប្រភព៖ ក្រសួងព័ត៌មាន