បរទេស៖ អន្តរជាតិ៖ អ្នកជំនាញខាងរថយន្តបាននិយាយ ថាការធ្លាក់ចុះនៃការប្រើប្រាស់ រថយន្តក្នុងប្រទេសវៀតណាមក្នុងពេលថ្មីៗនេះ គឺធ្លាក់ចុះមកនៅលំដាប់ទី៥ នៅអាស៊ីអាគ្នេយ៍។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។
យោងតាមសមាគម ក្រុមហ៊ុន ផលិតរថយន្តអាស៊ីអាគ្នេយ៍ (AAF) ក្នុងរយៈពេលប្រាំមួយខែដំបូងក្នុងឆ្នាំនេះ ប្រទេសឥណ្ឌូនេស៊ីបាននាំមុខ គេក្នុងការលក់រថយន្តជាមួយនឹងចំនួន ៥០៥,០០០ គ្រឿង កើនឡើង ៦,៣% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ ប្រទេស ថៃ ស្ថិតនៅលេខរៀងទីពីរដោយមានចំនួន ៤០៦,០០០ គ្រឿង ដែលមានចំនួន ៥% ខណៈប្រទេសម៉ាឡេស៊ី ស្ថិតនៅលេខបី មាន ៣៦៦,០០០ គ្រឿងកើនឡើង ១០,៣%។
គួរកត់សម្គាល់ថាប្រទេសហ្វីលីពីនបានកើនឡើងពីចំណាត់ថ្នាក់ទី៥ មកនៅទី៤ ជាមួយនឹងរថយន្តចំនួន ២០២,៤១៥ គ្រឿងដែលបានកើនឡើងយ៉ាងខ្លាំងចំនួន ៣០,៧% ។ ទន្ទឹមនឹងនោះប្រទេសវៀតណាមបានធ្លាក់មកចំណាត់ថ្នាក់លេខ៥ ដោយមាន ១៣៧,៣២៧ គ្រឿងថយចុះ ៣២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមខាងឧស្សាហកម្មបានឱ្យដឹងថា កត្តាខាងក្រៅដូចជាជម្លោះរុស្ស៊ី-អ៊ុយក្រែន និងអតិផរណាពិភពលោក បានជះឥទ្ធិពលលើការប្រើប្រាស់ រថយន្តរបស់វៀតណាម រួមជាមួយនឹងការវិវឌ្ឍន៍អវិជ្ជមានផ្សេងទៀត ដោយកត្តាទាំងនេះដែលនាំឱ្យការលក់ រថយន្តធ្លាក់ចុះ៕
ប្រភព៖ ក្រសួងព័ត៌មាន