បរទេស៖ នាយករដ្ឋមន្ត្រីចិន លោក លី ឈាង បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការពន្លឿនការផ្លាស់ប្តូរឌីជីថលដើម្បីបង្កើតកម្លាំងជំរុញថ្មី និងគុណសម្បត្តិសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។
លោក លី ដែលជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននោះ បានធ្វើការកត់សម្គាល់ខាងលើនេះនៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់លោកនៅក្នុងខេត្តហ្សេជាំង នៅភាគខាងកើតប្រទេសចិនកាលពីថ្ងៃសៅរ៍ដល់ថ្ងៃច័ន្ទ។
នៅមជ្ឈមណ្ឌលសេវាកម្មរដ្ឋាភិបាលស្រុកសម្រាប់សហគ្រាសក្នុងទីក្រុងហាងហ្សូ នៃខេត្តហ្សេជាំង លោក លី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ខេត្តហ្សេជាំង ក្នុងការកែលម្អបរិយាកាសអាជីវកម្ម និងគាំទ្រដល់សេដ្ឋកិច្ចឯកជន។ លោកបានជំរុញឱ្យមានការធ្វើឱ្យប្រសើរឡើងនូវសេវារបស់រដ្ឋាភិបាលដែលផ្តោតសំខាន់ទៅលើតម្រូវការរបស់សហគ្រាស។
ខណៈដែលលោកធ្វើជាអធិបតីក្នុងសិក្ខាសាលាមួយក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនោះ លោក លី បាននិយាយថា នៅពេលដែលសេដ្ឋកិច្ចឌីជីថលបន្តផ្លាស់ប្តូរផលិតកម្ម និងរបៀបរស់នៅរបស់មនុស្ស វាជាការចាំបាច់ណាស់ក្នុងការជំរុញការច្នៃប្រឌិត និងបច្ចេកវិទ្យាឌីជីថល។
លោកបាននិយាយបន្ថែមថា ខណៈដែលកំពុងតែឆ្លងកាត់នៃការផ្លាស់ប្តូរឌីជីថលភាវូបនីយកម្ម វាជាការចាំបាច់ក្នុងការអនុវត្តតាមនិន្នាការនេះ និងលើកកម្ពស់ឧស្សាហូបនីយកម្មថ្មីតាមរយៈការបំប្លែងឌីជីថល ជាពិសេសនៅក្នុងវិស័យផលិតកម្ម និងក្នុងកម្មវិធី AI ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា