ជនសង្ស័យនៃករណីបោកប្រាស់តាមប្រព័ន្ធអនឡាញចំនួន ៧០៦នាក់បន្ថែមទៀតនៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ាត្រូវបានប្រគល់ទៅប្រទេសចិន

0

បរទេស៖ ក្រសួង​សន្តិសុខ​សាធារណៈ​ចិនបាន​ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទថា ​​ការ​បង្ក្រាបបានធ្វើ​ជា​បន្តបន្ទាប់​ទៅលើ​ករណីបោកប្រាស់តាមប្រព័ន្ធអនឡាញ ​ដែល​មាន​ប្រភព​មក​ពី​ភាគ​ខាងជើង​នៃប្រទេស​មីយ៉ាន់ម៉ា និងទាក់ទងនឹងពលរដ្ឋចិន ដោយក្នុងនោះជនសង្ស័យចំនួន ៧០៦នាក់បន្ថែមទៀតត្រូវបានផ្ទេរពីប្រទេសមីយ៉ាន់ម៉ាទៅកាន់មន្ទីរឃុំឃាំងរបស់ប្រទេសចិន។

ជនសង្ស័យទាំងនោះ រួមមានទាំងជនភៀសខ្លួនចំនួន ២៦នាក់ ដែលត្រូវបានប្រគល់ទៅឱ្យអាជ្ញាធរសន្តិសុខសាធារណៈនៅក្នុងទីក្រុងលីនខាង និងទីក្រុងពូអឺ នៃខេត្តយ៉ុនណាន ដែលនៅជាប់ព្រំដែនភាគនិរតីនៃប្រទេសចិន នៅចន្លោះថ្ងៃទី២៥ ខែកញ្ញា ដល់ថ្ងៃទី៧ ខែតុលា។

អាជ្ញាធរចិនបានសន្យាស៊ើបអង្កេតឱ្យបានហ្មត់ចត់ចំពោះសកម្មភាពឧក្រិដ្ឋកម្មរបស់ជនសង្ស័យ និងបង្ក្រាបការបោកប្រាស់តាមប្រព័ន្ធអនឡាញ ដោយប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងចំពោះច្បាប់។ ពួកគេ​ក៏​មាន​គម្រោង​ចុះ​ស្រាវជ្រាវ​អំពី​ឧក្រិដ្ឋកម្ម​ក្នុង​ស្រុក​ដែល​មានការពាក់ព័ន្ធផងដែរ​ ដើម្បី​ធានា​ឱ្យ​បាននូវ​ការ​បង្ក្រាប​យ៉ាង​ទូលំទូលាយ​​នៃ​សកម្មភាព​ឧក្រិដ្ឋកម្មនោះ។

ចំនួនករណីបោកប្រាស់តាមប្រព័ន្ធអនឡាញបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ក្នុងប៉ុន្មានខែថ្មីៗនេះ ដោយជនសង្ស័យសរុបចំនួន ២.៣១៧នាក់ត្រូវបានចាប់ខ្លួន និងបានផ្ទេរពីប្រទេសមីយ៉ាន់ម៉ាទៅប្រទេសចិន។ នេះបើយោងតាមក្រសួងនោះបានចេញផ្សាយ។

អាជ្ញាធរសន្តិសុខសាធារណៈចិនបានប្តេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការបង្ក្រាបករណីបោកប្រាស់តាមប្រព័ន្ធអនឡាញ និងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា