បរទេស៖ ប្រទេសកូរ៉េខាងជើងកោះប្រជុំសភាដ៏សំខាន់មួយកាលពីថ្ងៃអង្គារ ចំពេលដែលមានការយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយមេដឹកនាំរបស់ខ្លួន លោក គីម ជុងអ៊ុន បានចូលរួមកិច្ចប្រជុំនោះដើម្បីថ្លែងសារទាក់ទងនឹងកិច្ចប្រជុំកំពូលចុងក្រោយរបស់លោកជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។
ប្រទេសកូរ៉េខាងជើងបានប្រកាសពីផែនការរបស់ខ្លួនក្នុងការបើកសម័យប្រជុំលើកទី៩ នៃសភាប្រជាជនកំពូលលើកទី១៤ (SPA) កាលពីថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីបញ្ហាអង្គការ និងបញ្ហានៃការពិនិត្យមើលឡើងវិញ និងអនុម័តច្បាប់ផ្សេងៗ។
ចំណុចសំខាន់មួយទៀតសម្រាប់សភា SPA គឺលោក គីម បានប្រើសម័យប្រជុំនោះដើម្បីថ្លែងសុន្ទរកថាជាសាធារណៈទៅកាន់កូរ៉េខាងត្បូង ឬសហរដ្ឋអាមេរិក បន្ទាប់ពីកិច្ចប្រជុំកំពូលលើកចុងក្រោយរបស់លោកជាមួយលោក ពូទីន។
បន្ទាប់ពីត្រឡប់ទៅកាន់ប្រទេសខ្លួនវិញកាលពីសប្តាហ៍មុន លោក គីម បានជួបប្រជុំជាមួយការិយាល័យនយោបាយដោយមានមន្ត្រីកំពូលៗចូលរួមកាលពីសប្តាហ៍មុន ដើម្បីពិភាក្សាអំពីលទ្ធផលនៃកិច្ចប្រជុំកំពូលរបស់លោកជាមួយលោក ពូទីន ហើយបានអំពាវនាវឱ្យមានវិធានការតាមដានឱ្យបាន «ហ្មត់ចត់»។
នៅក្នុងកិច្ចប្រជុំសភាកាលពីខែកញ្ញា ឆ្នាំ២០២២ មេដឹកនាំកូរ៉េខាងជើងរូបនោះបានប្រកាសជាសាធារណៈអំពីការធ្វើឱ្យស្របច្បាប់នៃអាវុធនុយក្លេអ៊ែរ ខណៈដែលសភារបស់ខ្លួនបានអនុម័តច្បាប់ថ្មីដែលអនុញ្ញាតឱ្យមានការវាយប្រហារនុយក្លេអ៊ែរជាមុន៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា