ឯកឧត្តម លី ធុជ៖ ទីក្រុងឆុងឈីង ប្រទេសចិន គឺជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ និងបានបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ វិជ្ជាជីវៈ ជាមួយកម្ពុជា

0

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជា ប្រធានគណៈកម្មាធិការជាតិអេស្កាប់ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានចូលរួមថ្លែង សុន្ទរកថាក្នុងវេទិកាចិន(ឆុងឈីង)-អាស៊ាន ស្តីពីការអភិវឌ្ឍគុណភាព និងកិច្ចសហ ប្រតិបត្តិការអប់រំវិជ្ជាជីវៈ ដែលរៀបចំដោយរដ្ឋាភិបាល ប្រជាជនក្រុងឆុងឈីង និងគណៈ កម្មាធិការ អប់រំ ក្រុងឆុងឈីង-ចិន។

ឯកឧត្ដមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ទីក្រុងឆុងឈីង នៃសាធារណរដ្ឋប្រជាមានិតចិន គឺជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ និងបានបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងវិស័យអប់រំ វិជ្ជាជីវៈជាមួយប្រទេសកម្ពុជា។

ជាមួយគ្នានោះ ឯកឧត្ដមទេសរដ្ឋមន្រ្តី បានលើកឡើងថា  ការរៀបចំវេទិកាចិន-អាស៊ាននេះ បានបង្ហាញអំពីកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងមានវិសាលភាពទូលំទូ លាយ ជាងមុនរវាងប្រទេសចិន និងអាស៊ានក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែល នឹងអាចឈានដល់ ការលើកកម្ពស់ថ្មី ក្នុងការផ្លាស់ប្តូរពាណិជ្ជកម្ម វប្បធម៌ និងកិច្ចសហ ប្រតិបត្តិការរវាងអាស៊ាន និងទីក្រុងឆុងឈីង។

ឯកឧត្ដមបណ្ឌិត បានបន្តទៀតថា ក្នុងមួយទសវត្សរ៍ចុងក្រោយនេះ ចិន និងអាស៊ាន បានរួមដៃគ្នា និងរួមចំណែកដល់ភាពជោគជ័យរបស់គ្នាទៅវិញទៅមក។ ឥឡូវនេះ អាស៊ាន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសចិន ហើយការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ក្នុងការអប់រំវិជ្ជាជីវៈបានក្លាយជាក្បាលម៉ាស៊ីនដ៏រឹងមាំ សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការ ជាក់ស្តែងរវាងចិន និងអាស៊ាន និងការជំរុញវឌ្ឍនភាពសេដ្ឋកិច្ចសង្គមនៅក្នុងតំបន់។ តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការក្នុងការអប់រំវិជ្ជាជីវៈរវាងចិន និងអាស៊ាន ដែលរួម ទាំង កម្ពុជាផងដែរ ប្រទេសទាំងពីរកាន់តែមានភាពស្អិតរមួត និងមានសាមគ្គីភាព ហើយការវិវត្ត ផ្នែកបច្ចេកវិទ្យា និងប្រព័ន្ធអប់រំរបស់ចិន គឺជាគំរូដ៏ល្អប្រសើរមួយសម្រាប់ប្រទេសទូទាំង សាកលលោក។

ឯកឧត្ដមទេសរដ្ឋមន្រ្តី បានថ្លែងទៀតថា ក្នុងនាមជាសមាជិកដ៏សំខាន់មួយ របស់អាស៊ាន កម្ពុជា ក្រោមការដឹកនាំប្រកប ដោយចក្ខុវិស័យរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្តេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី តែងតែយកចិត្តទុកដាក់ និងចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការចិន-អាស៊ាន ក្នុងវិស័យអប់រំវិជ្ជាជីវៈ ដោយធ្វើ ការដាក់ចេញនូវគម្រោងកិច្ចសហប្រតិបត្តិការបណ្តុះ បណ្តាល និងអប់រំវិជ្ជាជីវៈបន្ថែមទៀត។

ឯកឧត្ដមបានបន្ដថា ទីក្រុងឆុងឈីង គឺជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ និងបាន បង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំវិជ្ជាជីវៈជាមួយប្រទេសកម្ពុជា ព្រមទាំង បានក្លាយចំណុចចាប់ផ្តើមនៃច្រកពាណិជ្ជកម្មផ្លូវទឹក និងផ្លូវគោកអន្តរជាតិថ្មីមួយហើយថ្មីៗ នេះ អាស៊ានបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ទីក្រុងឆុងឈីងផងដែរ។

ឯកឧត្ដមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៩មក ដោយមានការគាំទ្រពី កម្មវិធីផ្លូវសូត្រនៃរដ្ឋបាលក្រុងឆុងឈីងសម្រាប់និស្សិតអន្តរជាតិ គណៈកម្មាធិការជាតិ អេស្កាប់(NC-ESCAP)នៃប្រទេសកម្ពុជា បានសហការជាមួយ Chongqing Creation Vocational College រៀបចំការបណ្តុះបណ្តាលបានបីដំណាក់កាលជាប់ៗគ្នា ដែលផ្តល់អត្ថ ប្រយោជន៍ដល់បុគ្គលិកកម្រិតមធ្យម និងជាន់ខ្ពស់ជិត១០០នាក់ពីកម្ពុជា ហើយកម្ពុជា មានឆន្ទៈសហការជាមួយភាគីផ្សេងៗទៀត ដើម្បីចូលរួមចំណែកក្នុងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរវិស័យអប់រំវិជ្ជាជីវៈក្នុងតំបន់ ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា