កុមារីនៅអាហ្វហ្គានីស្ថាន នៅតែប្រឈមមុខនឹងការហាមប្រាម ដែលមិនយុត្តិធម៌ចំពោះការអប់រំ

0

បរទេស​៖ សារព័ត៌មាន​ខា​ម៉ា​បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​ថា អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រេស បាន​និយាយ​ថា ពីរ​ឆ្នាំ​បាន​កន្លង​ផុត​ទៅ​ចាប់តាំងពី​ការ​ហាមប្រាម​ចំពោះ​ការ​អប់រំ​សម្រាប់​កុមារី​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ហើយ​ការ​រំលោភសិទ្ធិ​មនុស្ស​ដ៏​អយុត្តិធម៌​មួយ​នេះ​នៅ​តែ​បន្ត​កើត​មាន​។

លោក ហ្គូ​តេ​រេស បាន​និយាយ​នៅ​លើ​វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​អ៊ិ​ច (X) របស់​លោក​ថា «​ពីរ​ឆ្នាំ​បាន​កន្លង​ផុត​ទៅ​ចាប់តាំងពី​មានការ​ហាមឃាត់​ក្មេង​ស្រី​ចូល​រៀន​នៅ​ក្នុង​សាលារៀន​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។ នេះ​ជា​ការ​រំលោភសិទ្ធិ​មនុស្ស​មិន​សម​ហេតុផល​មួយ ដែល​បង្ក​ការ​ខូចខាត​រយៈពេល​យូរ​ទៅ​លើ​ប្រទេស​ទាំងមូល​»​។

សារព័ត៌មាន​ខា​ម៉ា​បាន​រាយការណ៍​ថា ក្មេង​ស្រី​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន គឺជា​ជន​រង​គ្រោះ​ចម្បង​នៃ​គោលនយោបាយ​តា​លី​បង់​។

សារព័ត៌មាន​តូ​ឡូ​ញូ​វ​ស៍បាន​រាយការណ៍​ថា កាលពីមុន អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន លោក រី​ឆា​ដ បេន​ណេ​ត បាន​អំពាវនាវ​ឱ្យ​ក្រុម​តា​លី​បង់​ផ្លាស់​ប្តូរ​គោលនយោបាយ «​ឃោរឃៅ និង​ខុសឆ្គង​» ប្រឆាំង​នឹង​ស្ត្រី និង​អនុញ្ញាត​ឱ្យ​ពួក​គេ​ចូល​ធ្វើការ និង​ដំណើរការ​អាជីវកម្ម​វិញ​។

ថ្លែង​ទៅ​កាន់​កិច្ចប្រជុំ​ទៀងទាត់​លើក​ទី​៥៤ នៃ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស លោក បេន​ណេ​ត បាន​និយាយ​ថា ស្ត្រី​ចំនួន ៦០.០០០​នាក់​បាន​បាត់បង់​ការងារ​ដោយសារ​តែ​ការ​រឹតត្បិត​កាលពី​ពេល​ថ្មី​ៗ​នេះ​របស់​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​បណ្តោះអាសន្ន​។

ការ​អប់រំ និង​ការងារ​សម្រាប់​កុមារី និង​ស្ត្រី គឺជា​បញ្ហា​ចម្បង​ពីរ​ដែល​បង្ក​ឱ្យ​មាន​ប្រតិកម្ម​នៅ​កម្រិត​អន្តរជាតិ​៕

ប្រភព៖ ក្រសួងព័ត៌មាន