អនុប្រធានសភាគុយបា បំពេញទស្សនកិច្ចនៅប្រទេសឡាវ

0

បរទេស៖ អនុប្រធានសភាជាតិនៃអំណាចប្រជាជន និងក្រុមប្រឹក្សារដ្ឋគុយបា លោកស្រី អាណា ម៉ារីយ៉ា ម៉ារី ម៉ាចាដូ បានចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវៀងចន្ទន៍នៃប្រទេសឡាវកាលពីថ្ងៃចន្ទ ដើម្បីពង្រឹងទំនាក់ទំនងអន្តរសភារវាងប្រទេសគុយបា និងប្រទេសឡាវ។

នៅថ្ងៃដំបូងនៃរបៀបវារៈអនុប្រធានសភាជាតិគុយបានោះ លោកស្រី ម៉ារី ម៉ាចាដូ និងគណៈប្រតិភូអមដំណើរនឹងចូលជួបសម្តែងការគួរសមជាមួយសមាជិកការិយាល័យនយោបាយនៃបក្សប្រជាជនបដិវត្តន៍ឡាវ អនុប្រធានាធិបតីឡាវ លោក ប៊ូនថុង ជីតម៉ានី និងប្រធានរដ្ឋសភាជាតិឡាវ លោក សាយសុមផូន ភូមិវីហាន។

សមាជិកសភាទាំងនោះក៏នឹងទៅទស្សនាកន្លែងនិមិត្តសញ្ញានៅក្នុងទីក្រុងវៀងច័ន្ទន៍ ដែលរួមមានចេតិយផាថាតហ្លួង ប្រាសាទវត្តស៊ីសាកេត និងសារមន្ទីរសម្រាប់ការចងចាំអតីតប្រធានាធិបតីឡាវ លោក កាយសុន ភូមិវីហាន។

កាលពីថ្ងៃអង្គារ គណៈប្រតិភូសមាជិកសភាគុយបាធ្វើដំណើរទៅកាន់ខេត្តហ្លួងប្រាបាង ដែលនៅទីនោះ ពួកគេត្រូវបានទទួលស្វាគមន៍ដោយអភិបាលខេត្ត លោក ខាំខាន់ ច័ន្ទថាវីស៊ុក ហើយនិងទៅទស្សនាភូមិផាណម និងផ្ទះប្រពៃណីហឿនជុន។

នៅថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចនៅប្រទេសឡាវនៅថ្ងៃពុធនេះ សមាជិកសភានឹងទៅទស្សនាកំពង់ផែស្ងួតថាណាឡេង និងសួនភស្តុភារ ក្នុងចំណោមកន្លែងផ្សេងៗទៀត មុនពេលចេញដំណើរទៅកាន់ទីក្រុងហាណូយដើម្បីចូលរួមសន្និសីទសកលលោកលើកទី៩ នៃសមាជិកសភាវ័យក្មេង៕

ប្រភព៖ ក្រសួងព័ត៌មាន