បរទេស៖ ក្រសួងការបរទេសកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃច័ន្ទថា ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងធុរកិច្ច លោក រ៉ាមីន តូល្វី ធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង និងជប៉ុននៅក្នុងសប្តាហ៍នេះ សម្រាប់កិច្ចពិភាក្សាស្តីពីវិធីធ្វើឱ្យស៊ីជម្រៅនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។
យោងតាមក្រសួងនោះបានឱ្យដឹងថា លោក តូល្វី ធ្វើទស្សនកិច្ចនៅទីក្រុងតូក្យូចាប់ពីថ្ងៃច័ន្ទ បន្ទាប់មកនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងសេអ៊ូលចាប់ផ្តើមថ្ងៃពុធស្អែក។
ក្រសួងនោះបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា «ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែកញ្ញា នៅទីក្រុងសេអ៊ូល ជំនួយការរដ្ឋមន្រ្តី លោក តូល្វី នឹងជួបជាមួយតំណាងរដ្ឋាភិបាល និងដៃគូវិស័យឯកជន ដើម្បីពិភាក្សាអំពីឱកាសសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ការវិនិយោគ និងការកសាងខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយចីរភាព និងសុវត្ថិភាព»។
ដំណើរទស្សនកិច្ចរបស់លោក តូល្វី ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកំពូលត្រីភាគីរវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល និងនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា កាលពីខែមុននៅឯតំបន់ខេមដាវីដ ដែលនៅទីនោះ មេដឹកនាំទាំងបីបានព្រមព្រៀងគ្នាដើម្បីបង្កើនកិច្ចសហប្រតិបត្តិការត្រីភាគីរបស់ប្រទេសរបស់ពួកគេទៅលើវិស័យផ្សេងៗ ដែលរួមមានទាំងវិស័យសន្តិសុខ និងទំនាក់ទំនងសេដ្ឋកិច្ចផងដែរ។
ក្រសួងការបរទេសកូរ៉េខាងត្បូងបាននិយាយថា «ដំណើរទស្សនកិច្ចរបស់ជំនួយការរដ្ឋមន្រ្តីទៅកាន់ប្រទេសជប៉ុន និងកូរ៉េខាងត្បូង ជាការបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការធ្វើការងារជាមួយដៃគូរបស់យើងដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកល និងជំរុញផលប្រយោជន៍សេដ្ឋកិច្ច និងសន្តិសុខរួមរបស់យើង»៕
ប្រភព៖ ក្រសួងព័ត៌មាន