មេដឹកនាំកូរ៉េខាងជើងអាចនឹងទៅបំពេញទស្សនកិច្ចនៅរុស្ស៊ី ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងសព្វាវុធ

0

បរទេស៖ សេចក្តីរាយការណ៍មួយបាននិយាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អាចនឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីក្នុងពេលឆាប់ៗនេះ ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងពិភាក្សាអំពីកិច្ចព្រមព្រៀងសព្វាវុធដែលនឹងអាចកើតឡើង។

កាសែតញូវយ៉កថែមស៍បានរាយការណ៍ថា លោក គីម អាចនឹងធ្វើដំណើរទៅកាន់ទីក្រុងវ៉្លាឌីវ៉ូស្តុកនៅសប្តាហ៍ក្រោយនេះ ដើម្បីជួបជាមួយលោក ពូទីន។

ក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន (NSC) បានបដិសេធមិនបញ្ជាក់ទៅលើការរាយការណ៍នេះទេ នៅពេលដែលត្រូវបានសួរ ប៉ុន្តែក្រុមប្រឹក្សានេះបាននិយាយថា លោក គីម ប្រហែលជារំពឹងថានឹងមានកិច្ចសន្ទនាកម្រិតកំពូលនៅក្នុងប្រទេសរុស្ស៊ី។

អ្នកនាំពាក្យក្រុមប្រឹក្សា NSC លោកស្រី អេដ្រៀនណេ វ៉ាតសុន បានប្រាប់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ដោយបានលើកឡើងពីការធ្វើដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក ស៊ែរហ្គេយ សូហ្គូ ទៅកាន់ទីក្រុងព្យុងយ៉ាងកាលពីក្នុងខែកក្កដាដែលបាននិយាយថា រុស្សីបានបញ្ចុះបញ្ចូលទីក្រុងព្យុងយ៉ាងឱ្យលក់គ្រាប់កាំភ្លើងធំឱ្យរុស្ស៊ីថា «ដូចដែលយើងបានព្រមានជាសាធារណៈហើយ កិច្ចចរចាសព្វាវុធរវាងប្រទេសរុស្ស៊ី និងកូរ៉េខាងជើង កំពុងដំណើរការទៅមុខយ៉ាងសកម្ម»។

លោក ចន គាប៊ី អ្នកសម្របសម្រួលក្រុមប្រឹក្សា NSC សម្រាប់ការទំនាក់ទំនងជាយុទ្ធសាស្ត្របានព្រមានថា ទីក្រុងព្យុងយ៉ាងអាចនឹងកំពុងពិចារណាផ្តល់សព្វាវុធ និងសម្ភារៈយោធាបន្ថែមដល់ប្រទេសរុស្ស៊ីសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន។

លោកបានគូសបញ្ជាក់ផងដែរថា មេដឹកនាំកូរ៉េខាងជើង និងរុស្ស៊ីប្រហែលជាបានពិភាក្សាគ្នាអំពីកិច្ចព្រមព្រៀងបែបនេះនៅក្នុងលិខិតដែលពួកគេបានផ្លាស់ប្តូរគ្នាចាប់តាំងពីការធ្វើដំណើរទស្សនកិច្ចរបស់លោក សូហ្គូ ទៅកាន់ទីក្រុងព្យុងយ៉ាង។​រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីត្រូវបានគេរាយការណ៍នៅពេលមុននេះថា ប្រទេសរុស្ស៊ី និងកូរ៉េខាងជើង កំពុងពិចារណាធ្វើសមយុទ្ធយោធារួមគ្នាជាមួយប្រទេសចិន៕​

ប្រភព៖ ក្រសួងព័ត៌មាន