បរទេស៖ យោងតាមប្រធានក្រុមប្រឹក្សាធុរកិច្ចរុស្ស៊ី-អាស៊ាន លោក អ៊ីវ៉ាន់ ប៉ូលីយ៉ាកូវ បានឱ្យដឹងថា សហគ្រាសថាមពលរុស្ស៊ីអាចទទួលបានទីផ្សារអាស៊ានជាមួយនឹងតម្លៃប្រចាំឆ្នាំប្រហែល ១៧០ប៊ីលានដុល្លារអាម៉េរិក។
នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងការវិនិយោគអាស៊ាន ដែលបានធ្វើឡើងជាផ្នែកមួយនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ លោកបាននិយាយថា វេទិកាសន្តិសុខថាមពលរួមរបស់ប្រទេសជាសមាជិកអាស៊ាន និងរុស្ស៊ីនឹងបង្កើតឱកាសសម្រាប់ក្រុមហ៊ុនរុស្ស៊ីក្នុងការចូលទៅកាន់ទីផ្សារនោះ ដោយលោកបាននិយាយបន្ថែមថា ស្ថិតិស្តីពីការនាំចូល/ការនាំចេញ និងការវិនិយោគនៅក្នុងគម្រោងនានាក្នុងតំបន់បានបង្ហាញថា ចំណូលនៃទីផ្សារថាមពលអាស៊ានត្រូវបានប៉ាន់ប្រមាណថាមានពី ៣០០-៤០០ប៊ីលានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ។
យោងតាមលោក ប៉ូលីយ៉ាកូវ បានឱ្យដឹងថា វេទិកាសន្តិសុខថាមពលរួមរុស្ស៊ី-អាស៊ាន គឺជាសំណុំស្មុគស្មាញនៃយន្តការសម្រាប់គាំទ្រដល់កិច្ចពិភាក្សាទៅលើយុទ្ធសាស្ត្រថាមពលដ៏ត្រឹមត្រូវអស់រយៈពេលជាង ៣០ឆ្នាំកន្លងមក។
វេទិកាគាំទ្រដល់កម្រិតសមហេតុផលនៃការផ្គត់ផ្គង់ និងតម្រូវការ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការបន្តនៃការផ្គត់ផ្គង់ថាមពល និងសន្តិសុខថាមពលក្នុងតំបន់ ជាមួយនឹងការអភិវឌ្ឍនៃកម្មវិធីថាមពលជំនួស ដែលគ្របដណ្តប់ជាចម្បងទៅលើថាមពលនុយក្លេអ៊ែរ អ៊ីដ្រូសែន និងថាមពលពន្លឺព្រះអាទិត្យ។
មន្ត្រីរូបនោះបាននិយាយបន្ថែមថា កម្មវិធីអប់រំ និងស្រាវជ្រាវអន្តរជាតិ ស្តីពីការអនុវត្តទេសភាពថាមពលផ្លាស់ប្តូរ ដោយមានការចូលរួមពីភាគីរុស្ស៊ី គឺជាទិដ្ឋភាពដ៏សំខាន់នៃប្រតិបត្តិការវេទិកាសន្តិសុខថាមពលរួមរុស្ស៊ី-អាស៊ាន។
នៅក្រោមកម្មវិធីនេះ អ្នកឯកទេសថាមពលមកពីក្រសួងពាក់ព័ន្ធក្នុងបណ្តាប្រទេសនៅអាស៊ាន ក៏ដូចជាក្រុមហ៊ុនថាមពល និងមជ្ឈមណ្ឌលស្រាវជ្រាវ កំពុងធ្វើទស្សនកិច្ចនៅក្នុងប្រទេសរុស្ស៊ីសម្រាប់ការបណ្តុះបណ្តាលនៅនឹងកន្លែង ក្នុងគោលបំណងពង្រីកទំនាក់ទំនងសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បង្កើតទំនាក់ទំនងអាជីវកម្ម និងរៀបចំសកម្មភាពគម្រោងជាបន្តបន្ទាប់៕
ប្រភព៖ ក្រសួងព័ត៌មាន