កូរ៉េខាងជើង ធ្វើការវាយប្រហារនុយក្លេអ៊ែរយុទ្ធសាស្ត្រ

0

បរទេស៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ប្រទេស​កូរ៉េ​ខាងជើង​បាន​ធ្វើ​សមយុទ្ធ​មួយ​សម្រាប់ «​ការ​វាយប្រហារ​នុយក្លេអ៊ែរ​តាម​បែប​យុទ្ធសាស្ត្រ​» នៅ​មួយ​ថ្ងៃ​បន្ទាប់​ពី​ប្រទេស​កូរ៉េ​ខាងជើង​បាន​បាញ់​គ្រាប់​មី​ស៊ី​ល​ផ្លោង បន្ទាប់​ពី​ការ​ធ្វើ​សមយុទ្ធ​រួម​គ្នា​មួយ​ដ៏​ធំ​រវាង​ប្រទេស​កូរ៉េ​ខាងត្បូង និង​សហរដ្ឋអាមេរិក​។

កាលពី​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​មុន អគ្គសេនាធិការ​ចម្រុះ​របស់​កូរ៉េ​ខាងត្បូង​បាន​និយាយ​ថា ប្រទេស​កូរ៉េ​ខាងជើង​បាន​បាញ់​គ្រាប់​មី​ស៊ី​ល​ផ្លោង​ឆ្លង​ទ្វីប​ជា​ច្រើន​គ្រាប់​ឆ្ពោះទៅ​សមុទ្រ​លឿង​នៅ​វេលា​ម៉ោង​ប្រហែល ៤:០០​ទៀប​ភ្លឺ​។ ការ​បាញ់​នេះ​បាន​ធ្វើ​ឡើង​នៅ​ពីរ​ថ្ងៃ​បន្ទាប់​ពី​សម្ព័ន្ធមិត្ត​បាន​បញ្ចប់​ការ​ធ្វើ​សមយុទ្ធ​រួម​ដែល​មានឈ្មោះ​ថា Ulchi Freedom Shield ដែល​មាន​រយៈពេល ១១​ថ្ងៃ ដែល​ទីក្រុង​ព្យុ​ង​យ៉ាង​បាន​បរិហារ​ថា​ជា​ការ​ហាត់​សម​សម្រាប់​ការ​ឈ្លានពាន​។

ប្រទេស​កូរ៉េ​ខាងជើង​បាន​អះអាង​ថា «​បេសកកម្ម​វាយប្រហារ​នុយក្លេអ៊ែរ​» ត្រូវ​បាន​ធ្វើ​ឡើង «​ដោយ​ជោគជ័យ​» ដោយ​គ្រាប់​មី​ស៊ី​ល​ហោះ​បាន​ចម្ងាយ ១.៥០០​គីឡូម៉ែត្រ​ក្នុង​រយៈពេល ៧.៦៧២​វិនាទី ដល់ ៧.៦៨១​វិនាទី​រៀង​ៗ​ខ្លួន និង​បំផ្ទុះ​នៅ​រយៈកម្ពស់​ដែល​បាន​កំណត់​ទុកជា​មុន គឺ ១៥០​ម៉ែត្រ​ពីលើ​គោលដៅ​។

យោធា​កូរ៉េ​ខាងត្បូង​បាន​សម្តែង​ការ​មន្ទិល​សង្ស័យ​ទៅ​លើ​ការ​អះអាង​របស់​កូរ៉េ​ខាងជើង​ថា ខ្លួន​បាន​អនុវត្ត​ដោយ​ជោគជ័យ​នូវ​បេសកកម្ម​វាយប្រហារ​នុយក្លេអ៊ែរ​តាម​បែប​យុទ្ធសាស្ត្រ​របស់​ខ្លួន​។

នៅ​ក្នុង​របាយការណ៍​ដាច់​ដោយឡែក​មួយ ទីភ្នាក់ងារ KCNA បាន​និយាយ​ថា មេដឹកនាំ​កូរ៉េ​ខាងជើង លោក គី​ម ជុង​អ៊ុ​ន បាន​ត្រួតពិនិត្យ​រោងចក្រ Pukjung Machine Complex ដែល​ជា​រោងចក្រ​ផលិត​នាវា​ដ៏​ធំ​មួយ និង​រោងចក្រ​គ្រាប់រំសេវ​ដ៏​ធំ​មួយ ហើយ​បាន​សង្កត់ធ្ងន់​ទៅ​លើ​តួនាទី​របស់​ពួក​គេ​ក្នុង​ការ​ពង្រឹងសមត្ថភាព​យោធា​របស់​ប្រទេស​៕

ប្រភព៖ ក្រសួងព័ត៌មាន