ភ្នំពេញ៖ យោងតាមសេចក្ដីអំពាវនាវ របស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ថា រដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូនឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី ជាពាណិជ្ជករ សិប្បករ វិនិយោគិន និងសប្បុរសជន លោក លោកស្រី អភិបាលខណ្ឌ ប្រធានមន្ទីរ អង្គភាពជុំវិញសាលារាជធានីភ្នំពេញ មេត្តាជ្រាបថា នៅសប្តាហ៍ទី៤ នៃខែកញ្ញា ឬសប្ដាហ៍ទី១ នៃខែតុលា ឆ្នាំ២០២៣ នាឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ខាងមុខនេះ គណៈអភិបាលរាជធានីភ្នំពេញ នឹងដឹកនាំគណៈប្រតិភូសាលារាជធានីភ្នំពេញ ចុះសួរសុខទុក្ខកង យោធពលខេមរភូមិន្ទ ដែលជាសម្ព័ន្ធមេត្រីភាព ជាមួយរដ្ឋបាលរាជធានីភ្នំពេញ រួមមាន៖ កងពលធំអន្តរាគមន៍លេខ៣, កងពលតូចអន្តរាគមន៍លេខ៩, វរៈនគរបាលការពារព្រំដែនលេខ ៧៩៣, ឈរជើងការពារនៅខ្សែក្រវាត់ព្រំដែន ប្រចាំទិសប្រាសាទព្រះវិហារ និងកងពលតូចអន្តរាគមន៍លេខ១២៨ ឈរជើង ការពារនៅតំបន់អូរអាឡៃ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
ដើម្បីឱ្យការចុះសួរសុខទុក្ខនេះទទួលជោគជ័យ បង្ហាញពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ក្នុងការចូលរួមលើកទឹកចិត្តដល់យុទ្ធជនតាមបន្ទាត់ព្រំដែនជួរមុខ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវ ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី ជាពាណិជ្ជករ សិប្បករ វិនិយោគិន និងសប្បុរសជន លោក លោកស្រី អភិបាលខណ្ឌ ប្រធានមន្ទីរ អង្គភាពចំណុះទាំងអស់ មេត្តាចូលរួមបរិច្ចាគអំណោយជាថវិកា ស្បៀងអាហារ ឬសម្ភារប្រើប្រាស់ផ្សេងៗ តាមលទ្ធភាព និងសទ្ធាជ្រះថ្លា ដើម្បីរួមចំណែកឧបត្ថម្ភជូនដល់កងទ័ព និងក្រុមគ្រួសារកងទ័ពការពារទឹកដី នៅតាមបន្ទាត់ព្រំដែនជួរ មុខ។
រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់លើស្មារតី និងទឹកចិត្តសប្បុរសធម៌ ដែលជាវប្បធម៌ នៃការចែករំលែករបស់ប្រជាជាតិយើង។ អំណោយទាំងអស់ សូមមេត្តាយកមកប្រគល់ជូនទីចាត់ការហិរញ្ញវត្ថុ នៅសាលារាជធានីភ្នំពេញ ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា