នាយក​រដ្ឋមន្ត្រី​ឡាវ​បញ្ជា​ឱ្យ​ចាត់វិធានការ​បន្ទាន់​ដើម្បី​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​

0

បរទេស៖ នាយករដ្ឋមន្ត្រីឡាវ លោក សុនិស្ស័យ ស៊ីផាដូន បានបញ្ជាឱ្យអាជ្ញាធរចាត់វិធានការដោះស្រាយជាបន្ទាន់នូវការលំបាកផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រទេស ចំពេលដែលមានការបន្តធ្លាក់ចុះនៃប្រាក់គីបឡាវ អតិផរណាដ៏ច្រើន និងបំណុលសាធារណៈខ្ពស់។

កាសែតវៀងច័ន្ទន៍ថែមស៍បានរាយការណ៍កាលពីថ្ងៃទី៣១ ខែសីហាថា នាយករដ្ឋមន្ត្រីឡាវបានចុះហត្ថលេខាលើបទបញ្ជាមួយដែលមានចំនួន ៨ទំព័រកាលពីថ្ងៃទី២៩ ខែសីហា ដែលណែនាំដល់វិស័យពាក់ព័ន្ធនានាឱ្យរក្សាស្ថិរភាពអត្រាប្តូរប្រាក់ រក្សាការឡើងថ្លៃ និងធ្វើការងារបន្ថែមទៀតដើម្បីទូទាត់បំណុលដែលជំពាក់បរទេស។

លោកនាយករដ្ឋមន្ត្រីបានជំរុញឱ្យស្ថាប័នរដ្ឋ និងសង្គមរួមកម្លាំងគ្នាក្នុងសមរភូមិដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច និងជំនះពេលវេលាដ៏លំបាកនេះ។

បញ្ហាប្រឈមដ៏ធំបំផុតមួយសម្រាប់ប្រទេសឡាវ គឺការរក្សាស្ថិរភាពតម្លៃនៃប្រាក់គីបឡាវ និងការធានាឱ្យមានការផ្គត់ផ្គង់រូបិយបណ្ណបរទេសគ្រប់គ្រាន់សម្រាប់នាំចូលទំនិញ។

នៅក្រោមបទបញ្ជាថ្មីនេះ ធនាគារនៃប្រទេសឡាវត្រូវបានណែនាំឱ្យធ្វើការដោះស្រាយរាល់សកម្មភាពខុសច្បាប់ដែលទាក់ទងនឹងអត្រាប្តូរប្រាក់។

ធនាគារកណ្តាលមានភារកិច្ចត្រួតពិនិត្យ និងកំណត់ក្រុមគោលដៅដែលអនុវត្តសកម្មភាពប្តូរប្រាក់ ដោយប្រើគណនីផ្ទាល់ខ្លួនរបស់ពួកគេដើម្បីដំណើរការការជួញដូររូបិយប័ណ្ណ។ រដ្ឋាភិបាល​បាន​ព្រមាន​ថា ​ខ្លួន​នឹង​ដាក់​ពិន័យ​អ្នក​ណា​ដែល​ធ្វើ​ការ​ប្តូរ​ប្រាក់ ព្រោះ​តួនាទី​នេះ​ត្រូវ​បាន​ផ្តល់​ឱ្យ​តែ​ធនាគារ​ពាណិជ្ជ​ប៉ុណ្ណោះ។

រដ្ឋាភិបាល​ឡាវបាន​បញ្ជា​ឱ្យ​ភ្នាក់ងារ​រដ្ឋ​អនុវត្ត​វិធានការ​ដែល​នឹង​នាំ​មក​នូវ​ការ​ប្តូរ​ប្រាក់​បរទេស​កាន់​តែ​ច្រើនទៅកាន់​ប្រទេស​ឡាវ និង​រឹតត្បិត​ទំនិញ​នាំ​ចូល។

រដ្ឋាភិបាលបានប្រកាសថា ខ្លួននឹងកាត់បន្ថយការចំណាយសាធារណៈទៅលើគម្រោងមិនសំខាន់ និងរឹតបន្តឹងការនាំចូលទំនិញប្រណីត និងផលិតផលដែលឡាវអាចផលិតបាន។

លើសពីនេះទៀត រដ្ឋាភិបាលនឹងបន្តជំរុញការប្រើប្រាស់រថយន្តអគ្គិសនី (EV) ដើម្បីកាត់បន្ថយការនាំចូលប្រេងឥន្ធនៈដែលជាមុខទំនិញសំខាន់មួយ ដែលតម្រូវឱ្យមានការនាំចូលរូបិយប័ណ្ណបរទេសយ៉ាងច្រើន។

គិតត្រឹមខែឧសភាឆ្នាំនេះ រថយន្តដើរដោយថាមពលអគ្គិសនីប្រមាណជិត ៤.០០០គ្រឿងត្រូវបាននាំចូលទៅកាន់ប្រទេសឡាវ ដែលជួយសន្សំសំចៃប្រេងបានរាប់សែនលីត្រដែលនឹងត្រូវនាំចូល។

គោលដៅបន្ទាប់របស់រដ្ឋាភិបាលឡាវ គឺនឹងឱ្យមានរថយន្តអគ្គិសនីចំនួន ៥៥០.០០០គ្រឿងសម្រាប់ប្រើប្រាស់ ដែលស្មើនឹង ៣០% នៃចំនួនរថយន្តទាំងអស់ ហើយនឹងដំឡើងស្ថានីយសាកអាគុយរថយន្តឱ្យបានចំនួន ១០០កន្លែងនៅត្រឹមឆ្នាំ២០៣០៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា