បរទេស៖ ដោយផ្អែកលើសម្តីលោក វីស្សានុ គ្រីង៉ាម (Wissanu Krea-ngam) រដ្ឋមន្រ្តីយុត្តិធម៌ថៃបាននិយាយថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្រ្តីថៃបានដាក់សំណើជាផ្លូវការហើយ ដើម្បីស្នើសុំការព្រះរាជទានលើកលែងទោស ពីព្រះមហាក្សត្រថៃ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។
លោក ថាក់ស៊ីន ត្រូវបានតុលាការ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៨ ឆ្នាំ សម្រាប់បទល្មើសរំលោភអំណាចនិងទំនាស់ផលប្រយោជន៍ បន្ទាប់ពីរូបលោក បានវិលត្រឡប់មកកាន់ប្រទេសថៃវិញ កាលពីសប្តាហ៍មុនក្រោយការរស់នៅនិរទេសខ្លួនអស់រយៈពេល ១៥ឆ្នាំ។
លោក ថាក់ស៊ីន ធ្លាប់កាន់តំណែងជានាយករដ្ឋមន្រ្តីថៃកាលពីចន្លោះឆ្នាំ២០០១-២០០៦។ ការវិលត្រឡប់មកវិញរបស់លោក កើតឡើងចំថ្ងៃតែមួយ ដែលបេក្ខជននាយករដ្ឋមន្រ្តីរបស់បក្ស ភឿថៃ គឺលោក ស្រេតថា ថាវីស៊ីន ជាប់ជានាយករដ្ឋមន្រ្តីថ្មី របស់ថៃ ខណៈលោក ថាក់ស៊ីន គឺជាអ្នកជ្រោមជ្រែងនៅពីក្រោយគណបក្ស ភឿថៃ ហើយកូនស្រីលោក គឺអ្នកនាង ផែថោងថាន ក៏ជាសមាជិកជាន់ខ្ពស់នៅក្នុងបក្សផងដែរ។
គួរបញ្ជាក់ថា ភ្លាមៗបន្ទាប់ពីមកដល់ព្រលានយន្តហោះ កាលពី ថ្ងៃ ទី២២ ខែសីហា និងជួបជុំគ្រួសារបានមួយរយៈពេលខ្លី លោក ថាក់ស៊ីន ត្រូវបានប៉ូលិសនាំខ្លួនទៅកាន់តុលាការ ហើយត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារតែម្តង។ យ៉ាងណាមិញយប់ថ្ងៃដដែលនោះ រូបលោកត្រូវបានបញ្ជូនចេញ ទៅកាន់ មន្ទីរពេទ្យប៉ូលិសមួយកន្លែងដោយសារបញ្ហាសុខភាព៕
ប្រភព៖ ក្រសួងព័ត៌មាន