បរទេស៖ កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងឧស្សាហកម្មរបស់ទីក្រុងសេអ៊ូលបាននិយាយថា មន្ត្រីពាណិជ្ជកម្មកំពូលរបស់កូរ៉េខាងត្បូង និងអាហ្សង់ទីនបានពិភាក្សាគ្នាអំពីវិធីដើម្បីបង្កើនពាណិជ្ជកម្ម និងការវិនិយោគតាមរយៈវេទិកាពាណិជ្ជកម្មសេរី និងដើម្បីជំរុញកិច្ចសហប្រតិបត្តិការទៅលើខ្សែសង្វាក់ផ្គត់ផ្គង់ធនធានរ៉ែ និងថាមពលសំខាន់ៗ។
នៅក្នុងជំនួបនៅទីក្រុងសេអ៊ូលនោះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់កូរ៉េខាងត្បូង លោក អាន ឌុកជុន និងរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មអាហ្សង់ទីន លោកសាន់ទីអាហ្គោ ខាហ្វីរ៉ូ បានព្រមព្រៀងគ្នាបន្តកិច្ចពិគ្រោះយោបល់ដើម្បីធ្វើឱ្យមានវឌ្ឍនភាពក្នុងកិច្ចចរចាសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកូរ៉េខាងត្បូង និងទីផ្សារមើរខូសឺរ (Mercosur)។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលរបស់កូរ៉េខាងត្បូង។
ក្នុងនាមជាប្លុកពាណិជ្ជកម្មឈានមុខគេនៅតំបន់អាមេរិកខាងត្បូង និងទីផ្សារមើរខូសឺរ ដែលរួមមានបួនប្រទេស គឺប្រទេសអាហ្សង់ទីន ប្រេស៊ីល ប៉ារ៉ាហ្គាយ និងអ៊ុយរូហ្គាយនោះ មានប្រហែល ៧០% នៃផលិតផលក្នុងស្រុកសរុបនៃតំបន់។
រដ្ឋមន្ត្រីទាំងពីរក៏បានពិភាក្សាគ្នាស្តីពីការចុះហត្ថលេខាលើក្របខ័ណ្ឌជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី (TIPF) ដើម្បីបង្កើតបណ្តាញថ្មីសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្ម និងពាណិជ្ជកម្មរួមផងដែរ។
ក្រសួងនោះបាននិយាយថា លោក អាន បានស្នើសុំការគាំទ្ររបស់ប្រទេសអាហ្សង់ទីនសម្រាប់ការដេញថ្លៃរបស់ប្រទេសកូរ៉េខាងត្បូងដើម្បីធ្វើជាម្ចាស់ផ្ទះនៃកម្មវិធីពិព័រណ៍ពិភពលោកឆ្នាំ២០៣០ នៅទីក្រុងប៊ូសាននៅភាគអាគ្នេយ៍របស់ខ្លួន៕
ប្រភព៖ ក្រសួងព័ត៌មាន