ស្ថានទូតអាមេរិកប្រចាំប្រទេសហៃទី បានជំរុញពលរដ្ឋចាកចេញពីប្រទេសនេះ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន

0

អាមេរិក៖ កាលពីថ្ងៃពុធ ស្ថានទូតសហរដ្ឋអាមេរិកក្នុងប្រទេសហៃទី បានជំរុញពលរដ្ឋដែលនៅក្នុងប្រទេសក្នុងតំបន់ Caribbean នេះចាកចេញ “ឲ្យបានឆាប់តាមដែលអាចធ្វើបាន” ដោយលើកឡើងពីបញ្ហាប្រឈមផ្នែកសន្តិសុខ និងហេដ្ឋារចនាសម្ព័ន្ធ ខណៈដែលការកើនឡើងនៃអំពើហិង្សាបានបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ផ្លាស់ទីលំនៅ និងអត្រាមនុស្សឃាតកើនឡើង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ស្ថានទូតសហរដ្ឋអាមេរិកបាននិយាយថា “ពលរដ្ឋរបស់ខ្លួននៅក្នុងប្រទេសហៃទី គួរតែចាកចេញពីប្រទេសនេះឲ្យបានឆាប់តាមដែលអាចធ្វើទៅបានតាមរយៈមធ្យោបាយធ្វើដំណើរពាណិជ្ជកម្ម ឬឯកជន” ដោយទទូចឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់បំផុត។

បើយោងតាមអង្គការសហប្រជាជាតិបានឲ្យដឹងថា សង្គ្រាមក្រុមជនអន្ធពាលដែលកំពុងកើនឡើងនៅក្នុងប្រទេសហៃទីបានបណ្តាលឲ្យមានវិបត្តិមនុស្សធម៌យ៉ាងខ្លាំង និងបានធ្វើឲ្យមនុស្សប្រហែលពីរសែននាក់នៅទូទាំងប្រទេសផ្លាស់ប្តូរទីលំនៅ រួមទាំងបានបន្សល់ទុកមនុស្សប្រមាណ ៥,២លាននាក់ ដែលជាចំនួនជិតពាក់កណ្តាលនៃចំនួនប្រជាជនត្រូវការជំនួយមនុស្សធម៌ ។

កាលពីដើមខែនេះ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំរដ្ឋធានី Port-au-Prince បានបិទជាបណ្តោះអាសន្ន ដោយសារតែមានការបាញ់កាំភ្លើងនៅក្នុងតំបន់ជុំវិញនោះ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ