អេហ្ស៊ីប៖ កាលពីថ្ងៃអាទិត្យ ប្រទេសអេហ្ស៊ីប និងឥណ្ឌាបាននិយាយថា ប្រទេសទាំងពីរបានពិភាក្សាអំពីការពង្រឹងទំនាក់ទំនងក្នុងវិស័យនានា រួមមានវិស័យពាណិជ្ជកម្ម សន្តិសុខស្បៀង និងការពារជាតិ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ទៅកាន់រដ្ឋធានី Cairo ។
នៅក្នុងដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសអេហ្ស៊ីប លោក Modi បានជួបពិភាក្សាជាមួយប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah al-Sisi និងរដ្ឋមន្ត្រីអេហ្ស៊ីបដែលត្រូវបានតែងតាំង “ប្រចាំនៅប្រទេសឥណ្ឌា” បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការរបស់លោក Sisi ទៅកាន់ប្រទេសឥណ្ឌាកាលពីខែមករា ជាពេលដែល “ភាពជាដៃគូយុទ្ធសាស្ត្រ” ត្រូវបានប្រកាស។
ប្រទេសទាំងពីរបាននិយាយថា កិច្ចពិភាក្សាកាលពីថ្ងៃអាទិត្យបាលើកឡើងពីវិស័យនានា រួមមានវិស័យពាណិជ្ជកម្ម និងការវិនិយោគ ថាមពលកកើតឡើងវិញ បច្ចេកវិទ្យាព័ត៌មាន និងឱសថ។
សេចក្តីថ្លែងការណ៍របស់ខុទ្ទកាល័យលោក Modi បាននិយាយថា “នាយករដ្ឋមន្ត្រីលោក Modi និងប្រធានាធិបតីលោក Sisi ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងក្រុមប្រទេស G-20 ដោយលើកឡើងអំពីបញ្ហានៃអសន្តិសុខស្បៀងអាហារ និងថាមពល ការប្រែប្រួលអាកាសធាតុ និងតម្រូវការសម្រាប់ Global South ដើម្បីឲ្យមានសំឡេងរួមគ្នា” ដោយបន្ថែមថា កិច្ចពិភាក្សានេះក៏បាននិយាយអំពីទំនាក់ទំនងក្នុងវិស័យការពារជាតិ និងសន្តិសុខផងដែរ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ