អ៊ីរ៉ង់​បើក​ស្ថានទូត​នៅ​អារ៉ាប៊ីសាអូឌីត​ឡើងវិញ ក្រោយ​បិទទ្វារ​អស់​រយៈពេល ៧ឆ្នាំ

0

បរទេស៖ កាលពីថ្ងៃអង្គារ ប្រទេសអ៊ីរ៉ង់បានបើកដំណើរការស្ថានទូតរបស់ខ្លួនឡើងវិញនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតបន្ទាប់ពីការបិទអស់រយៈពេល ៧ឆ្នាំ ហើយបីខែបន្ទាប់ពីប្រទេសទាំងពីរបានព្រមព្រៀងគ្នាស្តារទំនាក់ទំនងទ្វេភាគីឡើងវិញក្រោមកិច្ចព្រមព្រៀងដែលមានប្រទេសចិនជាអ្នកសម្របសម្រួល។

អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាលីរេហ្សា ប៊ីហ្គដេលី (Alireza Bigdeli) បានថ្លែងសុន្ទរកថាក្នុងពិធីបើកស្ថានទូតនោះនៅរដ្ឋធានីរីយ៉ាដប្រទេសអារ៉ាប៊ីសាអូឌីត ដោយលោកបានលើកឡើងអំពីសារៈសំខាន់នៃឱកាសសម្រាប់ទំនាក់ទំនងរវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់។ លោក ប៊ីហ្គដេលី បាននិយាយថា ជាមួយនឹងការលើកទង់ជាតិអ៊ីរ៉ង់ឡើងវិញនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតនេះ គឺជាការវិលត្រឡប់មកវិញនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលបានឈានចូលដល់យុគសម័យថ្មីមួយ។

លោកបាននិយាយបន្ថែមថា ការទូត គឺជាមធ្យោបាយដ៏ល្អបំផុតសម្រាប់ការទំនាក់ទំនង និងកិច្ចសន្ទនារវាងប្រទេសនានាដើម្បីឈានទៅដល់ការយល់ដឹងរួម ស្ថិរភាព និងសន្តិភាព។ មន្ត្រីអ៊ីរ៉ង់បានសង្កត់ធ្ងន់ថា ប្រទេសអ៊ីរ៉ង់តែងតែមានឆន្ទៈក្នុងការពង្រឹងទំនាក់ទំនងជាមួយប្រទេសជិតខាងដោយឈរលើគោលការណ៍នៃភាពជាអ្នកជិតខាងដ៏ល្អ។

លោក ប៊ីហ្គដេលី ក៏បានកត់សម្គាល់ផងដែរថា ការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងការវិនិយោគទៅវិញទៅមក នឹងនាំឱ្យប្រទេសទាំងពីរកាន់តែខិតជិតគ្នា ដើម្បីសម្រេចបាននូវសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ កាលពីខែមីនា ប្រទេសអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់បានឈានដល់កិច្ចព្រមព្រៀងមួយនៅទីក្រុងប៉េកាំងរបស់ប្រទេសចិន ដើម្បីចាប់ផ្តើមទំនាក់ទំនងការទូត ព្រមទាំងបើកស្ថានទូត និងបេសកកម្មរបស់ពួកគេឡើងវិញ។

យោងតាមសេចក្តីថ្លែងការណ៍ត្រីភាគីដែលចេញរួមគ្នាដោយប្រទេសចិន អារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ ភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការដោះស្រាយការខ្វែងគំនិតគ្នារបស់ពួកគេតាមរយៈកិច្ចសន្ទនា និងការទូត និងចំពោះទំនាក់ទំនងជាបងប្អូន ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ ព្រមទាំងគោលបំណងនៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងអង្គការនៃកិច្ចសហប្រតិបត្តិការឥស្លាម និងអនុសញ្ញាអន្តរជាតិ និងបទដ្ឋាននានា៕

ប្រភព៖ ក្រសួងព័ត៌មាន