បរទេស៖ អាជ្ញាធរក្នុងតំបន់បាននិយាយថា បឹងដុងទីង (Dongting) ដែលជាបឹងទឹកសាបធំជាងគេលំដាប់ទីពីររបស់ប្រទេសចិននៅក្នុងខេត្តហ៊ូណាន ភាគកណ្តាលប្រទេសចិនបានបញ្ចប់រដូវប្រាំងដ៏កម្រក្នុងរយៈពេល ៣០៥ថ្ងៃ។
យោងតាមនាយកដ្ឋានធនធានទឹកខេត្តហ៊ូណានបានឱ្យដឹងថា កម្រិតទឹកនៅស្ថានីយ៍ជលសាស្ត្រចេងលីងជី (Chenglingji) ដ៏សំខាន់របស់បឹងនោះបានស្ទុះឡើងវិញដល់កម្រិត ២៤,៥១ម៉ែត្រកាលពីព្រឹកថ្ងៃអង្គារ ហើយខ្ពស់ជាងខ្សែទឹកទាប ២៤,៥ម៉ែត្រហើយនៅតែមានការកើនឡើង។
ក្រុមមន្ត្រីបាននិយាយថា ការកើនឡើងនៃការបញ្ចេញទឹកពីអាងស្តុកទឹកទាំងបីបានជួយបំពេញបន្ថែមទឹកនៅក្នុងបឹងដែលស្ថិតនៅតាមបណ្តោយទន្លេយ៉ាងហ្សេ ដែលជាទន្លេវែងបំផុតរបស់ប្រទេសចិន។ នៅចន្លោះរដូវក្តៅមុន និងរដូវផ្ការីក ខេត្តនៅភាគកណ្តាលហ៊ូណានបានរងការវាយប្រហារដោយគ្រោះរាំងស្ងួតធ្ងន់ធ្ងរបំផុតចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមនៅក្នុងឆ្នាំ១៩៦១។ ដូច្នេះហើយ កម្រិតទឹកនៅក្នុងបឹងនៅតែទាបសម្រាប់រយៈពេលបន្តបើទោះបីជាមានភ្លៀងធ្លាក់ខ្លាំងជាច្រើនជុំក៏ដោយ បន្ទាប់ពីរដូវទឹកជំនន់បានចាប់ផ្តើមកាលពីពីរខែមុន។
កាលពីថ្ងៃទី៣១ ខែឧសភា ស្ថានីយ៍ចេងលីងជីបានវាស់កម្ពស់ទឹករបស់ខ្លួននៅកម្រិត២៣,៣៣ម៉ែត្រ ដែលជាកម្រិតទាបបំផុតមិនធ្លាប់មាននៅក្នុងរយៈពេលដូចគ្នានេះ។ ក្រុមអ្នកជំនាញបានអំពាវនាវឱ្យមានការត្រៀមលក្ខណៈគ្រោះរាំងស្ងួតកាន់តែខ្លាំង ខណៈដែលរដូវទឹកជំនន់ក៏ត្រូវបានអមដោយអាកាសធាតុក្តៅ ដែលនឹងបង្កើនការប្រើប្រាស់ទឹកទៅលើវិស័យឧស្សាហកម្ម និងកសិកម្ម ហើយអាចគំរាមកំហែងដល់ការស្តុកទឹកបឹងម្តងទៀត៕
ប្រភព៖ ក្រសួងព័ត៌មាន