បរទេស៖ ទិន្នន័យពីគយក្នុងស្រុកបានបង្ហាញថា ខេត្តកាងស៊ូ របស់ប្រទេសចិនបានរាយការណ៍ពីការកើនឡើងនៃពាណិជ្ជកម្មបរទេសក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំ២០២៣ ដោយទំហំពាណិជ្ជកម្មរបស់ខ្លួនជាមួយបណ្តាប្រទេសនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវបានចុះបញ្ជីនូវកំណើន ១៦,៣%។
ចាប់ពីខែមករាដល់ខែមេសា តម្លៃសរុបនៃពាណិជ្ជកម្មក្រៅប្រទេសរបស់ខេត្តកាងស៊ូ ឈានដល់ ២១,២ប៊ីលានយ័ន (ប្រហែល ៣ប៊ីលានដុល្លារអាម៉េរិក) ដោយកើនឡើង ០,៨%។ ការនាំចូល និងនាំចេញរបស់ខេត្តទៅកាន់បណ្តាប្រទេសនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ បង្កើតបាន ៥៥,៤% នៃពាណិជ្ជកម្មបរទេសសរុបរបស់ខ្លួន ដែលមានទំហំទឹកប្រាក់សរុប ១១,៧៥ប៊ីលានយ័ន។
ទន្ទឹមនឹងនេះដែរ ពាណិជ្ជកម្មរបស់ខេត្តកាងស៊ូជាមួយប្រទេសជាសមាជិកកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានចុះបញ្ជីនូវកំណើនគួរឱ្យកត់សម្គាល់ចំនួន ៥៣,២% ដែលឈានដល់តម្លៃ ៦,១ប៊ីលានយ័ន។
ជាពិសេស ការនាំចេញផលិតផលគ្រឿងម៉ាស៊ីន និងអគ្គិសនីនៅក្នុងខេត្តកាងស៊ូក្នុងរយៈពេល ៤ខែដំបូងមានចំនួន ២,៥ប៊ីលានយ័ន ដោយកើនឡើង ៦១,៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្នុងអំឡុងពេលដូចគ្នានេះ ការនាំចូលរ៉ែនីកែលម៉ាត បានកើនឡើង ១៧៩,៩% ដែលមានតម្លៃ ២,១៧ប៊ីលានយ័ន៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា