បរទេស៖ អត្រាគ្មានការងារធ្វើរបស់ប្រទេសថៃបានឈានដល់កម្រិតទាបរយៈពេលបីឆ្នាំក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ដោយបានធ្លាក់ចុះមកនៅត្រឹម ១,០៥% ពីចំនួន ១,១៥% ក្នុងរយៈពេលបីខែចុងក្រោយនៃឆ្នាំ២០២២ ដោយសារការងើបឡើងវិញត្រូវបានពង្រឹងនៅក្នុងឧស្សាហកម្មទេសចរណ៍ដ៏សំខាន់។
ប្រទេសសេដ្ឋកិច្ចធំលំដាប់ទីពីររបស់តំបន់អាស៊ីអាគ្នេយ៍បានកើនឡើងលឿនជាងការរំពឹងទុកនៅក្នុងត្រីមាសទី១ ដែលត្រូវបានជំរុញដោយការបន្តកើនឡើងនៅក្នុងវិស័យទេសចរណ៍ ដែលជាប្រភពការងារសំខាន់ដែលត្រូវបានកាត់បន្ថយដោយជំងឺរាតត្បាត។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិថៃ (NESDC) បានឱ្យដឹងថា ការងារបានកើនឡើង ២,៤% នៅក្នុងខែមករាដល់ខែមីនា បើធៀបទៅនឹងឆ្នាំមុន ដែលកើនឡើង ១,៥% ពីចំនួនក្នុងរយៈពេលបីខែមុន។
អត្រាគ្មានការងារធ្វើនៅក្នុងខែមករាដល់ខែមីនា ដោយមានអ្នកអត់ការងារធ្វើចំនួន ៤២០.០០០នាក់ គឺជាអត្រាទាបបំផុតចាប់តាំងពី ១,០៣% ដែលបានកត់ត្រានៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២០ មុនពេលសេដ្ឋកិច្ចមានផលប៉ះពាល់ពីជំងឺរាតត្បាត។
នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៣ ប្រទេសថៃមានកម្លាំងពលកម្មចំនួន ៣៩,៦លាននាក់៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា